Friday, December 2, 2022
Header Banner

ចាប់អ្នកកាសែតទៀតហើយ …តំណាងក្រុមហ៊ុនPNTនៅខេត្តព្រះវិហារ រៀបគម្រោងចាប់អ្នកកាសែតបានសម្រេច!

- Advertisement -
Trabber App

ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឲ្យដឹងថា  កាលពីល្ងាចថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២ តុលាការខេត្តព្រះវិហារ បានសម្រេចចេញដីកាឲ្យឃុំខ្លួនអ្នកកាសែតចំនួន៣នាក់ នៅស្ថាប័នផ្សេងគ្នា ពីបទ”កំហែងយក”ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន!។

ប្រភពបានឲ្យដឹងថា ជនត្រូវចោទទាំង៣នាក់ទី១៖ ឈ្មោះ មុំ វិបុល ភេទប្រុសអាយុ៤៤ឆ្នាំ មុខរបរសារព័ត៌មាន”ប៉ុស្តិ៍លេខ៣”នៅភូមិជៀស ឃុំថ្មពូន ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។២៖ ឈ្មោះ តិន ទ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសារព័ត៌មាន”រស្មីឆ្នាំងមាស”។៣៖ ឈ្មោះ តិន ស៊ីថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសារព័ត៌មាន”ខេមមេឌៀ” អ្នកទាំ២នៅភូមិម៉ឺនរាជ ឃុំខ្យង ស្រុកជ័យសែន។

   គួររំលឹកថា ជនត្រូវចោទទាំង៣នាក់ ត្រូវបាន កម្លាំងនគរបាល ខេត្តព្រះវិហារ ចាប់ឃាត់ខ្លួននៅក្នុងបន្ទប់ KTV.vip2 យីហោ«ភោជនីយដ្ឋានផ្កាយព្រឹក2» ស្ថិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កាលពីវេលាម៉ោង០១យប់ ឈានចូលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២។

តាមបណ្តឹងរបស់ឈ្មោះ សាត ណាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិពោបាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។

   ប្រភពបន្តថាដើមចោទក្នុងបណ្ដឹងមួយនេះ គឺតំណាងឱ្យ ក្រុមហ៊ុន”ភីអិនធី PNT” ដែលជាក្រុមហ៊ុនដ៏ធំសម្បើម និងកំពុងឈរជើង ប្រមូលទិញឈើយ៉ាងអនាធិបតេយ្យ ចេញពីតំបន់ព្រៃឡង់និងភូមិសាស្ត្រមួយចំនួនទៀតនៃនៅស្រុករវៀង ខេត្តព្រះវិហារ។

ប្រភពបានបន្តឲ្យដឹងទៀតថា ដោយក្រុមអ្នកកាសែតទាំងនោះបានប្រមូលវត្ថុតាងពីចំណុចខ្សោយរបស់ក្រុមហ៊ុន ហើយតំណាងក្រុមហ៊ុន បានសម្រួលឱ្យប្រាក់ទៅក្រុមអ្នកកាសែតចំនួន៥០០ដុល្លារ ជាថ្នូរនិងបិទព័ត៌មានកុំឱ្យផ្សាយ រាល់សកម្មភាពទិញឈើខុសច្បាប់របស់ក្រុមហ៊ុន។ប៉ុន្តែក្រុមអ្នកកាសែត មិនព្រម ដោយទារចំនួន៤.០០០ដុល្លារ ព្រោះគ្នា៤នាក់។ប្រភពបន្តថាដោយឃើញសភាពការណ៍កាន់តែតានតឹង តំណាងឱ្យក្រុមហ៊ុន”ភីអិនធី PNT” ក៏ប្រើឧបាយកល តថ្លៃគ្នា ដើម្បីបានសំឡេងរហូតត្រូវថ្លៃគ្នាចំនួន២.១៥០ដុល្លារប្រគល់ឱ្យក្រុមអ្នកកាសែត។បន្ទាប់មកទៀត ដើមចោទនិងបក្ខពួក ក៏បានបញ្ឆោត ប៉ាវក្រុមអ្នកកាសែត ទៅច្រៀងខារ៉ាអូខេត្រង់ចំណុចខាងលើតែម្តង។ក្រោមហេតុផលថា យើងរាប់អានគ្នានិងដើម្បីឱ្យអ្នកកាសែតភ្លេចខ្លួន ស្របពេលដើមចោទប្ដឹងរួចហើយ សមត្ថកិច្ចកំពុងធ្វើនីតិវិធី។ខណៈកំពុងច្រៀងរាំសប្បាយ មិនបានចាប់អារម្មណ៍ ក៏ស្រាប់តែសមត្ថកិច្ចប៉ូលិសខេត្តព្រះវិហារ ចុះចាប់ខ្លួនពួកគេ ក្នុងបន្ទប់ KTV តែម្ដងទៅ ។លុះដល់ល្ងាចថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនអ្នកកាសែតទាំង៣នាក់ជាបណ្ដោះអាសន្ន។

មជ្ឈដ្ឋានខាងក្រៅ លើកឡើងថា អ្នកកាសែតទាំង៣នាក់ ជាប់ឃុំ បទកំហែងយកជារឿងមួយ។ចុះបទល្មើសព្រៃឈើ ដែលក្រុមហ៊ុន”ភីអិនធី PNT” ប្រមូលទិញពីពលរដ្ឋ នៅព្រៃឡង់និងស្រុករវៀង ដោយលើកដាក់រថយន្តយីឌុប ដឹកឆ្លងកាត់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីធ្វើការចែកយ៉ាងអនាធិបតេយ្យ នោះ ហេតុអ្វីសមត្ថកិច្ច មិនចាត់វិធានការបង្ក្រាបផង។

    ពាក់ព័ន្ធនឹងករណីនេះដែរអ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់ពីក្រុមហ៊ុនPNTបានទេនៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ ២០២២នេះ។

   ទោះជាយ៉ាងនេះក្តីក្រុមអ្នកសារព័ត៌មាន កំពុងចុះស៊ើបអង្កេតពាក់ព័ន្ធនិងភាពមិនប្រក្រតីរបស់ក្រុមហ៊ុនPNTនៅស្រុករវៀង ខេត្តព្រះវិហារ ផងដែរ។មហាជនលើកជាចម្ងល់ថាហេតុអ្វីបានជាសមត្ថកិច្ចខេត្តព្រះវិហារ តែងតែចាប់អ្នកកាសែតជាញឹកញាប់យ៉ាងដូច្នេះតើអាចបញ្ជាក់ពីមូលហេតុថាមានអ្វីនៅពីក្រោយខ្នងបទល្មើសមែនទេ៕AFN

- Advertisement -
Trabber App
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម