Sunday, November 24, 2024
Header Banner

ព្រៃឈើនៅភ្នំប្រវត្តិសាស្ត្រ «ភ្នំត្បែង» រងការកាប់បំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញមានអំណាចនៅខេត្តព្រះវិហារ ដើម្បីយកទៅលក់បន្តនៅខេត្តកំពង់ធំ

ខេត្តព្រះវិហារ៖ ភ្នំត្បែងជាភ្នំដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌធម្មជាតិ ហើយឥឡូវកំពុងត្រូវបានរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមអ្នកបំផ្លិចបំផ្លាញធនធានធម្មជាតិដើម្បីយកឈើប្រណីតទៅលក់ឲ្យមេឈ្មួញ ហើយក៏មិនឃើញមានចំណាត់ការតាមផ្លូវច្បាប់ពីស្ថាប័នជំនាញនិងអាជ្ញាធរណាទៅលើក្រុមខាងលើនេះនៅឡើយទេ រហូតមកដល់ពេលនេះ បើយោងតាមសេចក្តីរាយការណ៍ពីស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ។

ជាក់ស្តែងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ គេមានឃើញរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងរបស់មេឈ្មួញបានដឹកឈើចេញពីភ្នំត្បែងស្ថិតនៅចំណុច ភូមិសុច និងភូមិតាសែង ឃុំរណ:សិរ្ស ស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ។ ហើយឈើទាំងនោះរួមមាន៖ ឈើប្រភេទលេខ១សុក្រម និងឈើឈ្លីក ដោយដឹកតាមរថយន្តទំនើបៗ ម៉ាកធុនត្រា ម៉ាកស៊ីណាម៉ាស្តា រថយន្តហ្វដពណ៌ត្រេអ៊ី យកទៅលក់ឲ្យឈ្មួញនៅខេត្តកំពង់ធំ។

មេឈ្មួញម្នាក់នេះ ជាអ្នកមានលុយ និងមានអំណាចខ្លាំងណាស់នៅខេត្តព្រះវិហារ នេះបើតាមការលួចបង្ហើបប្រាប់ពីមន្ត្រីដែលមានលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះនៅស្រុកសង្គមថ្មី។ ហើយមេឈ្មួញដុះស្លែម្នាក់នេះ បានកេណ្ឌប្រជាពលរដ្ឋឲ្យទៅកាប់ឈើនៅភ្នំត្បែងដើម្បីយកមកលក់ឲ្យខ្លួន។ ហើយឈ្មួញដ៏មានឥទ្ធិពលដដែលម្នាក់នេះ ពុំមែនទើបតែធ្វើសកម្មភាពបំផ្លាញធនធានធម្មជាតិ និងជំនួញឈើប្រណីតនាពេលបច្ចប្បន្ននេះទេ គឺតាំងពីមានរថយន្ត៦គ្រឿងរហូតមានដល់៩គ្រឿង។

ជុំវិញការកាប់បំផ្លាញធនធានធម្មជាតិ និងជំនួញឈើប្រណីតពីសំណាក់មេឈ្មួញដ៏មហិមាម្នាក់នេះ គេមិនទាន់ឃើញមានការពន្យល់ពីលោក មឿង សំផុន នាយកបេតិកភណ្ឌធម្មជាតិភ្នំត្បែងនៅឡើយទេនៅរសៀលថ្ងៃទី៨ ខែកក្កដានេះ។

ចំណែកលោក មាស ញឹម នាយកព្រៃឡង់ភ្នំត្នោតបានបញ្ជាក់ថា៖ លោកមិនដឹងអំពីមេឈ្មួញដឹកឈើនោះទេ ពីព្រោះលោកមមាញឹកនឹងការងារច្រើន។

ដោយឡែកលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានយើងថា ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើ និងជំនួញឈើខាងលើ លោកមិនបានដឹងនៅឡើយទេ ប៉ុន្តែលោកបានបញ្ជាក់ចុងក្រោយបន្តិចថា លោកនឹងទៅសួរនាំកូន-ចៅថ្នាក់ក្រោមសិន។ ហើយលោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី និងជាប្រធានគណៈមេបញ្ជាការឯកភាពផងនោះក៏បានបញ្ជាក់ថា ការបំផ្លិចបំផ្លាញធម្មជាតិនៅភ្នំត្បែងនោះ គឺលោកមិនទាន់បានដឹងនៅឡើយទេ ហើយលោកក៏បានអរគុណយ៉ាងជ្រាលជ្រៅចំពោះបង-ប្អូនអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានជូនលោក។

នៅក្នុងរឿងនេះដែរ គេមិនទាន់ដឹងនៅឡើយទេថាតើថ្នាក់ក្រោមដែលមានជំនាញពាក់ព័ន្ធនឹងអាជ្ញាធរស្រុកបានផ្តល់ដំណឹងនេះជូនទៅឯកឧត្តមអភិបាលខេត្តដែរឬ? ហើយសារព័ត៌មានយើងក៏មិនទាន់សុំការបំភ្លឺពី ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនៅឡើយទេ នៅរសៀលថ្ងៃទី៨ ខែកក្កដានេះ ជុំវិញនៃការវិនាសធនធានធម្មជាតិនៅភ្នំត្បែង ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌធម្មជាតិរួចហើយនោះ។

ក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិ ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ និងឯកឧត្តមអភិបាលខេត្ត មេត្តាមានចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធក្នុងករណីខាងលើផង ពិសេសសូមឲ្យជំនាញពាក់ព័ន្ធ និងអាជ្ញាធរមេត្តាទប់ស្កាត់ និងជួយអភិរក្សនូវភ្នំប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះឲ្យបានគង់វង្សផង៕ ដោយ៖ សេងq

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម