ខេត្តសៀមរាប៖ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងនាមជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំ និងត្រៀមលក្ខណៈរួចជាស្រេចនូវកម្លាំងសរុប មធ្យោបាយ និងសម្ភារបច្ចេកទេសប្រមាណជិត ៣ពាន់នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ការត្រៀមកម្លាំងការពារនេះ ធ្វើឡើងដើម្បីស្វាគមន៍ និងថែរក្សាសន្តិសុខជូន ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង រួមទាំងគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូប ដែលនឹងយាង និងអញ្ជើញមកបំពេញព្រះរាជបេសកកម្ម និងទស្សនកិច្ចផ្លូវការ ក្នុងឱកាស ពិធីបិទបញ្ចប់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច និងទស្សនកិច្ចរបស់គណៈប្រតិភូហ្វ្រង់កូហ្វូនី ទៅតាមតំបន់ប្រាសាទបុរាណក្នុងខេត្តសៀមរាប។ លោកឧត្ដមសេនីយ៍ទោ បានណែនាំដល់គ្រប់អង្គភាព និងកងកម្លាំងពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តផែនការឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវរៀបចំកម្លាំង មធ្យោបាយ និងសម្ភារបច្ចេកទេសឱ្យបានគ្រប់គ្រាន់ ព្រមទាំងបែងចែកភារកិច្ច និងកំណត់គោលដៅការពារឱ្យបានច្បាស់លាស់ ស្របតាមតួនាទី និងភារកិច្ចរបស់អង្គភាពនីមួយៗ។ជាពិសេស

ជាពិសេសត្រូវពង្រឹងការយាម ល្បាត ការត្រួតពិនិត្យ និងការគ្រប់គ្រងស្ថានភាពសន្តិសុខតាមគោលដៅសំខាន់ៗ ទីតាំងប្រារព្ធពិធី តំបន់ទេសចរណ៍ និងតាមដងផ្លូវដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ឱ្យបានរួចជាស្រេច ដើម្បីដោះស្រាយរាល់សភាពការណ៍ដែលអាចកើតមានឡើងជាយថាហេតុ។លោកស្នងការ បានសង្កត់ធ្ងន់ឱ្យកងកម្លាំងទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ និងបទបញ្ជារបស់អង្គភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិ មានឥរិយាបថសុភាពរាបសា និងរួសរាយរាក់ទាក់ក្នុងការបំពេញតួនាទី ព្រមទាំងសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

លោកក៏បានជំរុញឱ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវប្ដេជ្ញាចិត្តខ្ពស់ រួមសាមគ្គីភាព និងសហការគ្នាអនុវត្តផែនការឱ្យបានជោគជ័យ ដើម្បីធានាថា ពិធីដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានកិត្តិយសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាព និងមុខមាត់របស់ខេត្តសៀមរាបលើឆាកអន្តរជាតិ។ជាមួយគ្នានេះ លោកក៏បានសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញមកទស្សនា ក៏ដូចជាទស្សនកិច្ចនៅក្នុងខេត្តសៀមរាប យោគយល់និងចូលរួម ជាមួយកងកម្លាំងពាក់ព័ន្ធតម្រាយផ្លូវ នឹងការងារសណ្ដាប់ធ្នាប់ ជាពិសេសអ្នកសៀមរាបជាពិសេសបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗសូមរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ឱ្យបានល្អ ចូលរួមជាមួយសមត្ថកិច្ចក្នុងការរៀបចំទទួលស្វាគមន៍ ដើម្បីកិត្តិយសប្រទេស និងខេត្តរបស់យើង៕ Angkor flash news





