Monday, October 19, 2026
Header Banner

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ បើតាមរបាយការណ៍បានឲ្យដឹងថា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពសាធារណៈ ថែរក្សាតម្លៃបេតិកភណ្ឌវប្បធម៌ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានានៅតំបន់អង្គរ។

ក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ បានណែនាំដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការសហការក្នុងការចុះត្រួតពិនិត្យ ល្បាត និងចាត់វិធានការដោះស្រាយបញ្ហាប្រឈមនានាតាមទីតាំងទេសចរណ៍អាទិភាព ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។

លោក ង៉ូវ សេងកាក់ បានសង្កត់ធ្ងន់លើការដោះស្រាយករណីក្មេងៗយកអណ្តើកមកលក់ និងការលើកកម្ពស់វិជ្ជាជីវៈអ្នកប្រកបរបរថតរូប ដោយប្រគល់ភារកិច្ចជូនអង្គភាពនគរបាលទេសចរណ៍ជាអង្គភាពសម្របសម្រួល ដោយសហការជាមួយអាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលបេតិកភណ្ឌ គ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យ ប្រមូលព័ត៌មាន និងចាត់វិធានការសមស្របតាមស្ថានភាពជាក់ស្តែង និងស្របតាមច្បាប់។ ចំពោះករណីក្មេងៗយកអណ្តើកមកលក់ជូនភ្ញៀវទេសចរ ត្រូវចុះអប់រំណែនាំ និងចាត់វិធានការទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ ដោយមានគោលដៅលុបបំបាត់សកម្មភាពនេះ និងបង្ការកុំឱ្យកើតមានឡើងវិញ ព្រមទាំងយកចិត្តទុកដាក់លើការការពារសិទ្ធិកុមារ និងសហការជាមួយស្ថាប័នជំនាញ ដើម្បីស្វែងរកដំណោះស្រាយសមស្រប។ ចំពោះបងប្អូនដែលប្រកបរបរថតរូបនៅតំបន់អង្គរ ត្រូវបន្តប្រកបរបរដោយសុចរិតភាព គោរពវិជ្ជាជីវៈ និងចូលរួមសហការជាមួយអាជ្ញាធរ ដោយគោរពសិទ្ធិឯកជនភាពរបស់ភ្ញៀវទេសចរ ស្នើសុំការយល់ព្រមមុនពេលថត ជូនដំណឹងអំពីតម្លៃសេវាកម្មឱ្យបានច្បាស់លាស់ និងជៀសវាងការបង្ខិតបង្ខំ ឬការបង្កការរំខានដល់ភ្ញៀវទេសចរ។

លោកបានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីក្រមសីលធម៌ទេសចរណ៍ ការទទួលបដិសណ្ឋារកិច្ច ការកំណត់តម្លៃប្រកបដោយតម្លាភាព និងការថែរក្សាសម្បត្តិបេតិកភណ្ឌ។ ជាពិសេស ត្រូវផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត បទប្បញ្ញត្តិ និងសេចក្តីណែនាំពាក់ព័ន្ធនឹងការចូលទស្សនា ការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងការការពារបេតិកភណ្ឌឱ្យបានទូលំទូលាយ ជាពិសេសដល់ភ្ញៀវទេសចរជាតិ តាមរយៈស្លាកសញ្ញា ផ្ទាំងព័ត៌មាន ខិត្តប័ណ្ណ ប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម និងការណែនាំដោយផ្ទាល់។

ក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ បានប្រគល់ភារកិច្ចជូនអង្គភាពពាក់ព័ន្ធឱ្យចាប់ផ្តើមអនុវត្តការងារជាបន្ទាន់ ដោយមិនត្រូវរង់ចាំរហូតដល់ការប្រមូលព័ត៌មានមានភាពពេញលេញទាំងស្រុងនោះទេ។ ចំពោះបញ្ហាដែលអាចដោះស្រាយបានភ្លាមៗ ត្រូវចាត់វិធានការតាមតួនាទី និងសមត្ថកិច្ចឱ្យបានទាន់ពេលវេលា។ ចំណែកបញ្ហាដែលត្រូវការការសិក្សាបន្ថែម ត្រូវបន្តប្រមូលព័ត៌មាន សម្របសម្រួល និងរៀបចំសំណើដំណោះស្រាយជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ អង្គភាពនគរបាលទេសចរណ៍ត្រូវសម្របសម្រួលបូកសរុបលទ្ធផលការងារ បញ្ហាប្រឈម និងសំណើកែលម្អ ដាក់ជូនរដ្ឋបាលខេត្តតាមកាលកំណត់ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្ត។

លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា រាល់វិធានការអនុវត្តត្រូវស្របតាមច្បាប់ និងគោរពសិទ្ធិមនុស្ស សិទ្ធិកុមារ សិទ្ធិឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងរក្សាតុល្យភាពរវាងការពង្រឹងសណ្តាប់ធ្នាប់ ការការពារបេតិកភណ្ឌ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកក៏បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធ អ្នកផ្តល់សេវាកម្មទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ សូមបន្តចូលរួមសហការអនុវត្តទិសដៅការងារដែលបានដាក់ចេញឱ្យបានម៉ឺងម៉ាត់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរួមគ្នាពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ថែរក្សាតម្លៃបេតិកភណ្ឌ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ និងទូទាំងខេត្តសៀមរាបឱ្យកាន់តែប្រសើរឡើង៕

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម