Sunday, November 24, 2024
Header Banner

ថ្ងៃនេះ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងAstraZeneca ចំនួនប្រមាណ ១លានដូស ដល់កម្ពុជា

ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុននៅកម្ពុជាបានអោយដឹងនៅព្រឹកនេះថា

<<សាររបស់ឯកឧត្តមមិកាមិម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុន

ប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់ការផ្ដល់ជំនួយវ៉ាក់សាំង>>

ថ្ងៃនេះរដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងAstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុននិងកម្ពុជានិងដោយផ្អែកលើស្ថានភាពកូវីដ១៩នៅកម្ពុជានាពេលបច្ចុប្បន្ន។

វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុននឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយCOVAX Facility បានបញ្ចប់។ខ្ញុំសង្ឃឹមថាជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះការចាក់វ៉ាក់សាំងនិងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។  មកទល់ពេលនេះរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណច្រើនជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យការកែលម្អមន្ទីរពេទ្យការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែនក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូននិងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។យើងក៏បានផ្ដល់ជាកម្ចីប្រមាណ២២៧លានដុល្លារអាមេរិកដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩  និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាលនិងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលត្រូវខិតខំប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។

ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះជប៉ុននឹងបន្តសហការនិងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង។

ខ្ញុំសង្ឃឹមថាស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះហើយការផ្លាស់ប្ដូររវាងប្រទេសយើងទាំងពីរក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ។

ខ្ញុំសូមបួងសួងឲ្យប្រជាជនកម្ពុជាទាំងអស់មានសុខភាពល្អនិងមានសុវត្ថិភាព។ ដោយ៖ ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម