Sunday, November 24, 2024
Header Banner

រយៈពេល២ថ្ងៃ ក្រុមការងារចល័តចម្រុះចុះចាប់ និងពិន័យរថយន្តដឹកលើសទម្ងន់ចំនួន ២០គ្រឿង ក្នុងខេត្តសៀមរាប កណ្តាល និងកំពង់ស្ពឺ

ភ្នំពេញ៖ ក្នុងប្រតិបត្តិការចល័តរយៈពេល ២ថ្ងៃ  គឺថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១  ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យនិងឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២០គ្រឿង ក្នុងខេត្តសៀមរាប កណ្តាល និងខេត្តកំពង់ស្ពឺ។ 

ចំពោះប្រតិបត្តិការនៅខេត្តសៀមរាប ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ១៣គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី៥តោនដល់២៨តោន ចំនួន ៧គ្រឿង ក្នុងនោះយានយន្តចំនួន ០៣គ្រឿង ដែលលើសចាប់ពី២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ។ ដោយឡែកនៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៧គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី១០តោនដល់២២តោនទាំង ០៧គ្រឿង ដែលលើសទម្ងន់ចាប់ពី២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល១ឆ្នាំ។ ក្នុងប្រតិបត្តិការចុងក្រោយលើផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ០៦គ្រឿងដោយដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី១៥តោនដល់២០តោនចំនួន ០៦គ្រឿង ក្នុងនោះយានយន្តចំនួន០៤គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុក១ឆ្នាំ។

យោងតាមទិន្នន័យខាងលើយានយន្តចំនួន ២០គ្រឿង ត្រូវបានពិន័យក្នុងនោះយានយន្តចំនួន ១៤គ្រឿង ត្រូវឃាត់ទុកចំនួន១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹងលេខ ០៤៩ សជណសក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ 

ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនម្ចាស់រថយន្តធុនធ្ងន់និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ជាថ្មីម្តងទៀតថា៖ក្រសួងនឹងបន្តអនុវត្តតាមច្បាប់និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម