Sunday, November 24, 2024
Header Banner

ក្រុមចោរស្ទាក់វាយប្លន់បទពិសោធន៍ជោគជ័យជាង៥ឆ្នាំនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ អស់លក្ខណ៍ត្រឹមកម្លាំងអាវុធហត្ថខណ្ឌកំបូល

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន ០៤នាក់ បានវាយប្លន់ម៉ូតូមួយគ្រឿងពីជនរងគ្រោះម្នាក់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីជនរងគ្រោះត្រូវបានចោរទាំងនេះវាយប្លន់រួចហើយជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្តឹង ឬ ផ្តល់ព័ត៌មានដោយផ្ទាល់ដល់សមត្ថកិច្ចកងរាជអាវុធហត្ថឲ្យបានដឹងនោះដែរ តែតាមរយៈបណ្តាញក្តាប់ព័ត៌មានថា មានករណីប្លន់ដូចខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូលបានបើកការស៊ើបអង្កេតស្រាវជ្រាវជាបន្តបន្ទាប់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជាក់ស្តែងនៅចំណុចដីវាលទុកចោលមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោកាលពីវេលាម៉ោង១៨៖៣០នាទី ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១ ក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ដោយសារទីតាំងឃាត់ខ្លួនជាភូមិសាស្ត្រដីវាលបានធ្វើឲ្យមានការរំខានដល់ប្រតិបត្តិរបស់សមត្ថកិច្ចក្នុងការលបចូលទៅជិតជនសង្ស័យបណ្តាលឲ្យបក្ខពួកផ្សេងទៀតដឹងខ្លួនចែកផ្លូវគ្នារត់គេចយ៉ាងលឿនមុនសមត្ថកិច្ចចូលទៅដល់ទើបធ្វើឲ្យសម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យត្រឹមតែ០២នាក់ និងដកហូតម៉ូតូបានចំនួន៣គ្រឿង៖- ម៉ាកសង់C125 ,021ពណ៌ខ្មៅគ្មានស្លាកលេខ(ជារបស់ជនសង្ស័យដែលឃាត់ខ្លួនបាន),- ម៉ាកសង់C125,020 ក្រហមពាក់ស្លាកលេខ1IC-6209 (ជារបស់ជនសង្ស័យរត់ចោល),- ម៉ាកសង់C125 ,020 ពាក់ស្លាកលេខព្រៃវែង1R-9039 (សមត្ថកិច្ចក្តាប់បានថាជាម៉ូតូរបស់ជនរងគ្រោះដែលត្រូវបានប្លន់កាលពីថ្ងៃទី១៣ ខែ មិថុនាឆ្នាំ២០២១)។

ជនសង្ស័យទាំង ០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ៖១-ឈ្មោះ ចែម ខែមរិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (ពិនិត្យឃើញមានសារធាតុញៀនជាមុខសញ្ញាវាយប្លន់យ៉ាងសកម្មនៅចំណុចផ្លូវជាតិលេខ ៣) បច្ចុប្បន្ន ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ ទេព ពេញ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ(ជាមេក្លោងវាយប្លន់) បច្ចុប្បន្ន ស្នាក់នៅភូមិទូលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០២នាក់បានសារភាពឲ្យដឹងថាពួកគេនិងបក្ខពួក ០៥នាក់ ទៀតគឺ ទី១-ឈ្មោះអាត្រេន, ទី២-ឈ្មោះអាសំអន, ទី៣-ឈ្មោះអាកាយ, ទី៤-ឈ្មោះអារៈនិងទី៥-ឈ្មោះអាព្រលិតតែងតែធ្វើសកម្មភាពពួនស្ទាក់វាយប្លន់ជនរងគ្រោះនៅកន្លែងស្ងាត់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ជាក់ស្តែងកាលពីឆ្នាំ២០១៧ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាពវាយប្លន់នៅផ្លូវ៥១ ទឹកដីខេត្តកំពង់ស្ពឺ។ នៅឆ្នាំ២០១៩ ក្រុមខ្លួនធ្លាប់ធ្វើសកម្មភាពវាយប្លន់នៅក្នុងទីរួមខេត្តកំពង់ស្ពឺ ក្រោយៗមកគឺធ្វើសកម្មភាពវាយប្លន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលចុងក្រោយគឺបានវាយប្លន់នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយឈ្មោះ( អាកាយ) ជាអ្នកធាក់ទៅលើជនរងគ្រោះបណ្តាលអោយដួលរួចជនរងគ្រោះបានរត់ទៅកន្លែងទិញអេតចាយក្បែរនោះបន្ទាប់មកបក្ខពួកខ្លួនឈ្មោះ(អារៈ) បានលើកម៉ូតូជនរងគ្រោះជិៈគេចខ្លួនបាត់រៀងៗខ្លួន។ 

រាល់ការចេញវាយប្លន់មួយលើកៗគឺពួកខ្លួនតែងរត់គេចរួចដោយសុវត្ថិភាព  ស្រាប់តែនៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១ ខណៈពួកខ្លួនបានទៅអង្គុយផឹកស៊ីជុំគ្នាលេងនៅចំណុចដីវាលមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោដល់ម៉ោងប្រហែល១៨:៣០នាទីយប់ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថខណ្ឌកំបូលបានមកដល់ធ្វើការដេញចាប់ពួកខ្លួនបាន ០២នាក់ រីឯបក្ខពួកជាច្រើននាក់ទៀតបានរត់គេចខ្លួនទាន់។

ជាមួយការបង្ក្រាបជនសង្ស័យទាំង ០២នាក់ នេះផងដែរសមត្ថកិច្ចអាវុធហត្ថបានប្រើឧបករណ៍តេស្តរហ័សRapid Test ពិនិត្យជនសង្ស័យរកឃើញវិជ្ជមានកូវីត~១៩ ចំនួន១នាក់ គឺឈ្មោះ ទេព ពេញ ជាហេតុធ្វើឲ្យមានការរំខានបន្ថែមដល់និតិវិធីរបស់សមត្ថកិច្ច។

បច្ចុប្បន្ន ម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យបានប្លន់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញម៉ាកហុងដា សេ១២៥ (លេខតួND125M5727548 / លេខម៉ាស៊ីនND125ME5727548)  ត្រូវបានជនសង្ស័យយកទៅប្តូរពណ៌ពីពណ៌ខ្មៅមកជាពណ៌ស។ រីឯម្ចាស់ម៉ូតូ អាវុធហត្ថមិនទាន់បានស្គាល់ និងទាក់ទងបាននៅឡើយទេ។ ដូច្នេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ម៉ូតូ ឬ បងប្អូនណាស្គាល់ម្ចាស់ម៉ូតូសូមអញ្ជើញមកទំនាក់ទំនងទទួលយកម៉ូតូត្រឡប់ទៅវិញនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមការគួរ៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម