Friday, August 8, 2025
Header Banner

បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករជាង ៥០នាក់អាជ្ញាធរសម្រេចបិទ ផ្សារចាឈូក ស្រុកអង្គរជុំ ជាបណ្តោះអាសន្ន

សៀមរាប៖ បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករនៅក្នុង ផ្សារចាឈូកបចំនួន ៥២នាក់ រួចមកនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ លោក លុក ផុស អភិបាលស្រុកអង្គរជុំបានមានប្រសាសន៍ថា អាជ្ញាធរស្រុកអង្គរជុំបានសម្រេចបិទ ផ្សារចារឈូក ជាបណ្តោះអាសន្ន  ចាប់តាំងពីល្ងាចថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១ម្សិលមិញនេះតទៅ  ដើម្បីកាត់ផ្តាច់ការចម្លងនៃជំងឺកូវីដ-១៩។

លោកបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៤ម្សិលមិញនេះបានរកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥២នាក់ ដោយក្រុមគ្រូពេទ្យបានសំណាកធ្វើតេស្តរកវិជ្ជមានកូវីដ-១៩ លើបងប្អូនជាអាជីវករ និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធសរុបចំនួន ៣៥២នាក់ ហើយនៅព្រឹកនេះមន្ត្រីជំនាញក៏កំពុងយកសំណាកបន្តទៀត ដូច្នេះ ក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយអ្នកវិជ្ជមាននៅក្នុង ផ្សារចារឈូក នេះ និងអ្នកវិជ្ជមានផ្សេងៗទៀតសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាពសូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២៩៥៥៤៧៤ និង០៧៧៧៨៩០០៧។

គួររំលឹកថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២.៧១១នាក់, បានព្យាបាលជាសះស្បើយចំនួន ១.០៦0នាក់, ស្លាប់ចំនួន ២៦នាក់ និងចំនួន ១.៦២៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យនិងវិក្រឹតការខេត្តវិ ទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕ ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម