សៀមរាប៖ បន្ទាប់ពីរកឃើញប្រជាពលរដ្ឋដែលរស់នៅខាងមុខផ្សារចំនួន ១១នាក់ មានឆ្លងមេរោគកូវីដ-១៩ អាជ្ញាធរស្រុកវ៉ារិនបានសម្រេចបិទការចេញចូលផ្សារចំនួន២ នៅឃុំស្រែណូយស្រុកវ៉ារិន ខេត្ដសៀមរាប ជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។
លោកធិននីវិធូរអភិបាលស្រុកវ៉ារិនបានប្រាបអោយដឹងថានៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋដែលមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ ខាងលើនោះគឺពួកគាត់បានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ជាអ្នកលក់ផ្លែឈើមកពីទីរួមខេត្ដសៀមរាបប្រហែលជិត១០ថ្ងៃមុន។ លោកបានបន្ដទៀតថាប្រជាពលរដ្ឋចំនួន ២១នាក់ មានការសង្ស័យឆ្លងកូវីដ~១៩ ទើបនៅព្រឹកថ្ងៃទី១៩នេះ អាជ្ញាធរបានធ្វើតេស្ដពួកគាតហើយជាលទ្ធផលរកឃើញមេរោគកូវីដ-១៩ ចំនួន១១នាក់ក្នុងចំណោម ២១នាក់ នោះ។ ប្រជាពលរដ្ឋទាំង១១នាក់ដែលមានវិជ្ជមានកូវីដ-១៩ នេះជាអ្នករស់នៅខាងមុខផ្សារស្រែណូយទើបអាជ្ញាធរបានសម្រេចបិទផ្សារស្រែណូយ និងផ្សារឯកជនមួយទៀតនៅក្បែនោះជាបណ្តោះអាសន្ន។
លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអាជីវករដែលមានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទាំង១១នាក់នេះនិងមានការសង្ស័យពីអាការ:មិនស្រួលសូមកយកសំណាកធ្វើតេស្តរកមេរោគកូវីដជាមួយអាជ្ញាធរហើយត្រូវធ្វើចត្ដាឡីស័កឱ្យបាន១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខភិបាលក៏ដូចជាអាជ្ញាធរខេត្តផងដែរ៕ដោយ៖វាយោ