Sunday, November 24, 2024
Header Banner

សម្តេចក្រឡាហោម ស ខេង ជំរុញអោយមានការលើកទឹកចិត្តឱ្យមានសម្ភារ និងកន្លែងធ្វើការឱ្យបានសមរម្យដល់ចៅសង្កាត់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន និងមេភូមិ

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តោតលើមុខសញ្ញាមនុស្សចំនួន ៤ ប្រភេទ រួមមាន៖១.មេឃុំ-ចៅសង្កាត់២.ស្មៀន៣.ប្រធានមេប៉ុស្តិ៍នគរបាលរដ្ឋបាល និង៤.មេភូមិ ដែលមានតួនាទីសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋមូលដ្ឋាន ដែលទាមទាឱ្យមានការលើកទឹកចិត្តទាំងការពង្រឹងសមត្ថភាពរៀបចំកន្លែងធ្វើការ និងផ្តល់សម្ភារសម្រាប់បំពេញភារកិច្ច។

សម្តេចបានមានប្រសាសន៍ទៀតថា ក្រុមមនុស្សទាំង ៤ ប្រភេទ ខាងលើនេះ បានដើរតួនាទីសំខាន់ណាស់ក្នុងការធ្វើការបម្រើសេវាសាធារណៈ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះ ពួកគាត់ត្រូវតែមានការលើកទឹកចិត្តឱ្យសម្ភារ និងកន្លែងធ្វើការឱ្យបានសមរម្យ “យើងត្រូវតែយកចិត្តទុកដាក់គាំទ្រជួយពួកគាត់ក្នុងន័យថាធ្វើយ៉ាងម៉េចឱ្យពួកគាត់ធ្វើការងារបម្រើប្រជាពលរដ្ឋបានល្អ។ ដើម្បីឱ្យគាត់ធ្វើការល្អយើងត្រូវធ្វើការណែនាំផ្តល់ទិសដៅគោលការណ៍វិធានការនានាហើយ នឹងផ្តល់មធ្យោបាយដើម្បីគាត់មានលទ្ធភាពធ្វើការឧទាហរណ៍ថាបើមិនទាន់មានអគារប៉ុស្តិ៍រដ្ឋបាលទេយើងត្រូវសាងសង់” ។ ជាមួយគ្នានោះដែរសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មុខសញ្ញានោះត្រូវតែធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមុន នឹងឱ្យចូលធ្វើការ“ អ៊ីចឹងអ្នកទាំងអស់នេះត្រូវតែបណ្តុះបណ្តាលស្មៀនឃុំ សង្កាត់ ក៏ត្រូវបណ្តុះបណ្តាលមេឃុំ ចៅសង្កាត់ជាប់ឆ្នោតហើយក៏ត្រូវបណ្តុះបណ្តាលបង្កលក្ខណៈសម្បត្តិឱ្យធ្វើការហើយប៉ូលីសទាំងអស់មកដល់ពេលនេះអ្នកដែលចូលបម្រើការជាប៉ូលីសទាំងអស់សុទ្ធតែទទួលបានការបណ្តុះបណ្តាលយ៉ាងតិច៣ខែ”។ 

សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា មកដល់ពេលនេះក្នុងចំណោមប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់ ទូទាំងប្រទេសជិត ១៧០០ យើងបានកសាងអគារប៉ុស្តិ៍រដ្ឋបាលនៅខ្វះត្រឹមតែជិត ១០០ កន្លែង ទៀតទេ។ ចំណែកឯឃុំ- សង្កាត់វិញទើបតែមានអគារប្រមាណ ៥០%  ប៉ុណ្ណោះដែលមានអគាធ្វើការសមរម្យ។ ចំពោះ ភូមិ គឺមេភូមិ ធ្វើការតាមផ្ទះ និងយកកន្លែងវត្តកន្លែងណាទំនេរដើម្បីធ្វើការប្រជុំជាដើមពោល គឺយើងមិនទាន់មានគោលការណ៍សាងសង់អគារស្នាក់ការភូមិនៅឡើយទេ៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម