Sunday, November 24, 2024
Header Banner

ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី បើកការប្រជុំតាម Zoom ដើម្បីពង្រឹង និងយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាលមេរោគបំលែងខ្លួនប្រភេទថ្មី (Delta)

ខេត្តមណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខាស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានដឹកនាំបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ​ (កម្មវិធី​ Zoom)​ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩​ ខែសីហា ឆ្នាំ២០២១ ដើម្បីពង្រឹងបន្ថែមដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត​ ត្រូវយកចិត្តទុកដាក់បង្ការទប់ស្កាត់នៃការរីករាលដាលមេរោគកូវីដ-១៩​ ពិសេសមេរោគបំលែងខ្លួនប្រភេទថ្មី (Delta)។ ក្នុងកិច្ចប្រជុំនេះមានវត្តមានអញ្ជើញចូលរួមមាន​ លោក​ លោកស្រី​ ស្នងការរង​ នាយការិយាល័យជំនាញ​ អធិការនគរបាលក្រុង-ស្រុកទាំង៥ មេបញ្ជាការវេសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ នាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង៣​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់​ និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ប៉ុស្តិ៍ សរុបអ្នចូលរួមចំនួន​ ៩៦នាក់។

ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោស្នងការ​ បានមានប្រសាសន៍ផ្តាំផ្ញើរដល់កម្លាំងនគរបាលទាំងអស់​ត្រូវពង្រឹង និងខិតខំយកចិត្តទុកដាក់តាមដានត្រួតពិនិត្យទៅលើមន្ត្រីក្រោមឱវាទឲ្យបានត្រឹមត្រូវ និងច្បាស់រាល់ការធ្វើដំណើរចេញចូលទៅតាមបណ្តាខេត្តផ្សេងៗ​ ឬក៏ចុះបេសកកម្មទៅតាមបណ្តាស្រុកណាមួយដែលកំពុងផ្ទុះជម្ងឺកូវីដ-១៩​ និងមេរោគបំលែងខ្លួនប្រភេទថ្មី (Delta) ត្រូវតែទៅធ្វើតេស្តសំណាកជាបន្ទាន់ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់​ ដើម្បីទប់ស្កាត់កុំឲ្យមេរោគបំលែងខ្លួនថ្មីនេះមានការរីករាលដាលចូលដល់កម្លាំងនគរបាលរបស់យើង​។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោស្នងការ​ បានបញ្ជាក់និងមានប្រសាសន៍ឲ្យលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារធនធានមនុស្ស​ ត្រូវខិតខំនិងយកចិត្តទុកដាក់ចុះសួរសុខទុក្ខនិងផ្តល់ថ្នាំព្យាបាលដល់មន្រ្តីនគរបាលដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺកូវីដ-១៩​ និងក្រុមគ្រួសាររបស់ពួកគាត់។​

ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោស្នងការ​ បានមានប្រសាសន៍និងមានការលើកសរសើរដល់កម្លាំងនគរបាលការពារព្រំដែនដែលខិតខំរក្សាសន្តិសុខ​ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន​កម្ពុជា-វៀតណាម​ ជាពិសេសការខិតខំទប់ស្កាត់នៃការឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ​ ក្នុងការបង្ការ​ ទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ចូលក្នុងសហគមន៍។ សូមឲ្យកងកម្ម្លាំងនគរបាលយេីងទាំងអស់​ ត្រូវយកចិត្តទុកដាក់និងអនុវត្តនូវវិន័យរបស់កម្លាំងនគរបាលជាតិ​ ត្រូវមានការសហការគ្នាអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត​ និងត្រូវថែទាំ​រក្សាសុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរ​ និងរួមគ្នាទប់ស្កាត់នៃការរីករាលដាលនូវមេរោគបំលែងខ្លួនប្រភេទថ្មី (Delta)​ ដែលមានការចម្លងបានលឿនដ៏កាចសាហាវនេះ៕ ដោយ៖ ទ្រី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម