សៀមរាប៖ នៅថ្ងៃអង្គារ ទី១០ សីហា២០២១នេះ មានការបែកធ្លាយព័ត៌មានបាក់ប្លង់សេអគារ១កន្លែងដែលកំពុងសាងសង់នៅក្នុងសង្កាត់ស្វាយដង្គុំ កណ្តាលក្រុងសៀមរាប ដែលគេដឹងថា ហេតុការណ៍បាក់ប្លង់សេនៃសំណង់អគារ គឺជារបស់ក្រុមហ៊ុន Rose Apple Square បណ្តាលឱ្យកម្មករមួយចំនួនរបួស ធ្ងន់ ស្រាល ។ សូមបញ្ជាក់ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ។
បើតាម ប្រភពពីសមត្ថកិច្ច សុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់នៅរសៀលថ្ងៃទី១០ខែសីហា ឆ្នាំ២០២១នេះថា អាគារកំពុងសាងសង់នៅក្នុងក្រុងសៀមរាប ហើយត្រូវបានបាក់ប្លង់សេជាន់ទី១ ដោយសារខុសបច្ចេកទេស ដែលបណ្តាលឱ្យកម្មកររងរបួសមួយចំនួន តែមិនប៉ះពាល់ដល់ជីវិតទេ។ ប្រភពបានបញ្ជាក់បន្ថែមថា ចំពោះការបាក់អាគារនេះ មិនមានព័ត៌មាន ណាបានផ្សព្វផ្សាយជាសារណៈទេ។ ប្រភពពីពលរដ្ឋវិញរស់នៅជិតទីតាំងអាគារកំពុងសាងសង់នោះ បានប្រាប់ថា មូលហេតុដែលបណ្តាលឱ្យបាក់ គឺបណ្តាលមកពីបញ្ហាបច្ចេកទេស (បាក់ប្លង់សេជាន់ទី១) ។ សំណង់ដែលបាក់នោះក្រោមទំហំប្រវែងក្រោម ១០ម៉ែត្រ ក្នុងចំណោមសំណង់ទាំងមូលរបស់ក្រុមហ៊ុន១សំណង់កំពុងសាងសង់ឈ្មោះ Rose Apple Square ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំក្រុងនិងខេត្តសៀមរាប។នៅហេតុការណ៍ បាក់អាគារខាងលើនោះដែរ ក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់កន្លែងកើតហេតុដែរ តែខណៈនោះ ត្រូវបានមេការ និង បុគ្គលិកយាមទ្វារប្រាប់ថា ពួកខ្លួន មិនអាចផ្តល់ព័ត៌មាន ឬ អនុញ្ញាតិឱ្យ ផ្តិតយករូបភាពបានទេ ព្រោះមិនមានការអនុញ្ញាតពីថ្នាក់លើ។ ជុំវិញករណីបាក់ប្លង់សេអាគារកំពុងសាងសង់ថ្មី ត្រូវបានគេដឹងថាជារបស់អ្នកធំម្នាក់នៅទីក្រុងភ្នំពេញ ហើយមន្ត្រីអាជ្ញាធរខេត្ត បានប្រាប់អោយដឹងនៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះថា អគារដែលកំពុងសាងសង់នេះ គឺមានច្បាប់ត្រឹមត្រូវ ដែលបានចេញដោយក្រសួង នគររូបនីយកម្ម សំណង់និងសូរិយោដី ។ មន្ត្រីសាលាខេត្តបានបន្តថា កាលពីចាប់ផ្តើមសាងសង់អាគារនោះ ក្រុមកម្មករ ជាង៣០០ នាក់ បានធ្វើតេស្តយកសំណាករកវីរុសកូវីដ-១៩ រកឃើញមានវិជ្ជមានប្រមាណ៩០នាក់ ហើយ អាជ្ញាធរខេត្ត ត្រូវបានបិទ កាលពី ជា២ខែមុន។
មន្ត្រីរដ្ឋបាលសាលាខេត្ត បានបញ្ជាក់ទៀតថា ការបាក់ប្លង់សេទាំងមូលដោយសារ ជាងខ្វះបច្ចេកទេស៕ ដោយ÷វាយោ