ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ជាកម្មករធ្វើការនៅស្តង់ទិញលក់ដំឡូងមី១កន្លែង បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈពេលដែលកំពុងបូមខ្សល់កង់គោយន្តកន្ត្រៃលើសចំណុះបណ្តាលឲ្យផ្ទុះ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តង់ទិញនិងលក់ដំឡូងមី ស្ថិតក្នុងភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដាំ សាវិន ភេទប្រុស អាយុ១៧ឆ្នាំ ជាពលរដ្ឋរស់នៅភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក បានទៅធ្វើកម្មករស៊ីឈ្នួលកិន និង ហាលស្តង់ដំឡូងមីដែលមានម្ចាស់ឈ្មោះ គៀវ នៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ប្រភពបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ បានរាស់ដំឡូងមីដែលកិនហើយ ដើម្បីវៀចហាលស្រាប់តែកង់គោយន្តខាងឆ្វេងធូ ពេលនោះជនរងគ្រោះបានបើកទៅបូមខ្សល់កង់នៅកន្លែង ស្តង់ នៅពេលកំពុងបូមខ្សល់នោះជនរងគ្រោះរវល់តែនិយាយលេងជាមួយអ្នកផ្សេង ភ្លេចមើលទម្ងន់ខ្សល់បណ្តាលឲ្យលើសចំណុះផ្ទុះកង់តែម្តង ហើយត្រូវថាសកង់គោយន្តរបូតប៉ើងបុកត្រូវចិញ្ចើមខាងឆ្វេងបណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយធ្វើការពិនិត្យ សមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ទីសុខ