ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី ១៩ខែ សីហា ឆ្នាំ២០២១ ព្រះសិរីធម្មញាណព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មវង្សាធិបតី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពី ព្រះមហា នុច មុនី ព្រះលេខាគណខេត្ត និង ព្រះមហា សឺន មករា បានចែកទេយ្យទានដល់អាចារ្យ និង គណកម្មការវត្ត១៥នាក់នៅវត្តអារញ្ញិការាម ស្ថិតសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ព្រះសិរីធម្មញាណ សុខ ថាន បានមានសង្ឃដីកាបន្តថាៈដោយមើលឃើញពីការខ្វះខាត និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពរបស់អាចារ្យ និង គណកម្មការក្នុងវត្ត ដែលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោក ហើយនៅប្រទេសកម្ពុជាយើងក៏រងផលប៉ះពាល់ជំងឺនេះផងដែរ។
ព្រះសិរីធម្មញាណ សុខ ថាន បានមានសង្ឃដីកាផ្ដាំផ្ញើដល់អាចារ្យ និង គណកម្មការក្នុងវត្តទាំងអស់ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និង ធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល៣ការពារ និង ៣កុំ អោយបានជាប់ជាប្រចាំទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួន។
ទេយ្យទានដែលបានចែកជូនអាចារ្យ និង គណកម្មការក្នុង
ម្នាក់ៗទទួលបាន អង្ករ២៥ គីឡូក្រាម, មី០១កេស ត្រី១យួរនិងថវិកា ៣ ម៉ឺនរៀលនោះផងដែរ។
អាចារ្យ និង គណកម្មការក្នុងអារញ្ញិការាមទាំងអស់បានថ្លែងអំណរព្រះគុណ ដល់ព្រះមេគណខេត្តនិងមន្រ្តីសង្ឃខេត្តសូមមានព្រះសុខភាពល្អ ព្រះជន្មយឺនយូរ ដើម្បីដឹកនាំវិស័យព្រះពុទ្ធសាសនានៅខេត្តកំពង់ឆ្នាំងអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕ដោយ÷កង្រី