ខេត្តបាត់ដំបង÷ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ដ ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា៖ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យ ស្ថិតស្ថេរ រឹងមាំ គង់វង្ស និងជាប់ធន់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានសម្រេចបង្កើតស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ០១កន្លែង មានឈ្មោះថា ស្ថានីយពុកឆ្មា-ខេត្តបាត់ដំបង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគ.ម ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុក សង្កែ ខេត្តបាត់ដំបង។ស្ថានីយពុកឆ្មា-ខេត្តបាត់ដំបង នេះនឹងចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូន ធុនធ្ងន់ទាំងអស់ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ និង អនុវត្តវិធានការផាកពិន័យចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់តាមបទប្បញ្ញត្តិនៃច្បាប់ជា ធរមាន ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ តទៅ។អាស្រ័យហេតុនេះ សូមសាធារណជន ក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគម ភ្នាក់ងារបញ្ចូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និង អ្នកពាក់ព័ន្ធទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយមន្ត្រីមានសមត្ថកិច្ចដែលបំពេញភារកិច្ច ប្រចាំការនៅទីតាំងស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្នថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ខាងលើ និងចូលរួមអនុវត្តបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕ដោយ÷សំអឿន