ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប តំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំក្រុមការងារអនុប្រធាន ប្រធានផ្នែក សមាជិកសមាជិកា នាំយកអំណោយរបស់ទៅប្រគល់ជូនដល់មណ្ឌលកុមារកំព្រា នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប។ លោកស្រី សួន មុលឡា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប មានប្រសាសន៍ថា សម្ភារៈប្រើប្រាស់ដែរួមមានទឹកសុទ្ធចំនួន ១៥ កេស កង្ហាជាប់ជញ្ជាំងចំនួន ៦គ្រឿង ទឹកអាល់កុល (២៥០ml) ចំនួន៤០ដប សៀវភៅចំនួន ២០០ក្បាល ក្តារខៀនឈុតចំនួន ៤០ឈុត ប៊ិចចំនួន ១០០ដើម ខ្មៅដៃចំនួន ១០០ដើម បន្ទាត់ចំនួន ៤០ដើម ជ័រលុបចំនួន៤០ដុំ និងអំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលត្រូវប្រគល់ជូនមណ្ឌលកុមារកំព្រាផងដែររួមមាន៖ កាបូបសិក្សាចំនួន ៤០កាបូប (សៀវភៅចំនួន៥ក្បាល ប៊ិច ២ដើម ខ្មៅដៃ ១ដើម ជ័រលុប ១ដុំ ទឹកលុប ១ដើម បន្ទាត់ ១ដើម ប្រដាប់ខួងខ្មៅដៃ ១) ទឹកដោះគោចំនួន ៤៨កំប៉ុង ត្រីខចំនួន ១០០កំប៉ុង ម៉ាស់ ចំនួន ២៥០០ម៉ាស។ លោកស្រី ក៏មានប្រសាសន៍ផ្តាំផ្ញើរថា នៅក្នុងបរិបទជំងឺកូវីដ-១៩នេះ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ក្នុងការធ្វើអនាម័យ និងអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕ ដោយ វាយោ