ខេត្តសៀមរាប÷ យោងតាមការឱ្យដឹងពីក្រសួងព័ត៌មានកាលពីដើមខែកញ្ញាថ្មីៗនេះ គ្រឹះស្ថានសិក្សាសាធារណៈប្រមាណ៦០% និងសាលារៀនឯកជនជិត១០០% នៅក្នុងខេត្តសៀមរាប នឹងត្រូវអនុញ្ញាតឱ្យបើកដំណើការឡើងវិញ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីពិនិត្យឃើញថា តំបន់ទាំងនោះមានហានិភ័យទាប ពីការឆ្លងរីករាលជំងឺកូវីដ១៩។ លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាបថា នៅខេត្តសៀមរាបយើងមានសាលារៀនសាធារណៈចំនួនប្រមាណជាង៦០០កន្លែង ក្នុងនោះរួមមាន៖ សាលាមត្តេយ្យចំនួន ១៩, សាលាបឋមចំនួន ៥០៧, អនុវិទ្យាល័យចំនួន ៨២ និងវិទ្យាល័យមានចំនួន៤១សាលា ក្នុងនោះក៏មានគ្រឹះស្ថានសិក្សាឯកជនចំនួនជាង ៦០សាលារៀនផងដែរ។ ហើយខេត្តសៀមរាបក៏គ្រោងផងដែរ សាលាប្រមាណជាង៦០% អាចដំណើការ ឡើងវិញបាន រៀនតាមបណ្តុំ តាមថ្នាក់ តាមស្ថានភាពជាក់ស្តែង ការមិនអាចដំណើការក្នុងក្រុងក៏មាន និងតាមទីតំបន់ជនបទក៏មានដែរ ទីមួយតំបន់ដែលមិនមានការឆ្លងច្រើន និងមានហានិភ័យទាប។ ដូច្នេះ នៅពេលអនុវត្តរៀបចំផែនការជាក់លាក់ គឺមានការរៀបចំឱ្យមានគណៈកម្មការគ្រប់គ្រងសាលារៀន ដែលមានការចូលរួមពីអាជ្ញាធរដែនដី មាតាបិតា និងអ្នកពាក់ព័ន្ធ ក្នុងការពិនិត្យលើលទ្ធភាពនៃដំណើការបើកសាលានេះឡើងវិញ ដោយគោរពតាមស្តង់ដារសាលារៀន ដែលក្រសួងបានរៀបចំកំណត់អោយមាន ការរក្សាគម្លាតសុវត្ថិភាព ការអនុវត្តន៍អនាម័យលាងដៃនឹងអាកុលអោយបានញឹកញាប់ និងការចូលរួមសម្អាតនៅតាមសាលាគ្រប់កម្រិតចាប់តាំងពីថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាជាដើម។ លោក លី ប៊ុណ្ណា ប្រធានមន្ទីរបន្តថា គម្រោងបើកឱ្យដំណើរការគ្រឹះស្ថានសិក្សានេះ ត្រូវអនុវត្តនៅតាមបណ្តាក្រុង-ស្រុក ទូទាំងខេត្តសៀមរាប ចំពោះតែទីតាំងគ្រឹះស្ថានសិក្សាណា ដែលមានហានិភ័យទាប មានការពិនិត្យវាយតម្លៃពីស្ថានភាពជាក់ស្តែង ពីគណៈកម្មការសាលាខាងលើតែប៉ុណ្ណោះ តែក្រោយការស្ទាបស្ទង់ទៅមត្តេយ្យសិក្សា ឃើញមានតែស្រុកស្រីស្នំមួយទេដែលអាចស្នើសុំដំណើការ, រីឯនៅស្រុកផ្សេងៗមិនទាន់ទេ អាចនឹងពិនិត្យលទ្ធភាពបន្តទៀត៕ដោយ÷ភក្តី