ខេត្តសៀមរាប÷ កាលពីម្សិលមិញនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និង អាជ្ញាធរស្រុកជីក្រែង បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពទឹកនៅអាងទឹកទំនប់ម្កាក់ និងទ្វារទឹកធារាសាស្រ្ត ដែលស្ថិតនៅក្នុងឃុំពង្រលើ ស្រុកជីក្រែង ហើយក៏បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅជុំវិញតំបន់នោះផងដែរ ។
លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តសៀមរាប បានប្រាប់ថា អាងទឹកទំនប់ម្កាក់ អាចស្តុកទឹកបានប្រមាណជា ២០លានម៉ែត្រត្រីគុណ គ្របដណ្តប់លើភូមិសាស្រ្តឃុំចំនួន៩ ក្នុងចំណោមឃុំទាំង១២របស់ស្រុកជីក្រែង និងអាចស្រោចស្រពលើផ្ទៃដីស្រែប្រមាណ ២៥.០០០ហិកតា ។ លោកបានបន្តទៀតថា ឆ្នាំនេះប្រជាកសិករ បានធ្វើការបង្កបង្កើនផលស្រូវប្រាំង និងស្រែវស្សាជាង៤ម៉ឺនហិកតា តែអាងទឹកទំនប់ម្កាក់នេះ មិនអាចចែកចាយទឹកគ្រប់គ្រាន់ និងជួបគ្រោះរាំងស្ងួតបន្ថែមទៀត ជាហេតុបណ្ដាលឲ្យមានផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាកសិករ។ក្រោយពីមានភ្លៀងធ្លាក់បណ្ដើរៗ ធ្វើឲ្យកម្ពស់ទឹកអាងទំនប់ម្កាក់ បានឡើងប្រមាណ ៨៥០មីល្លីម៉ែត្រ ហើយសង្ឃឹមថា នឹងអាចជួយសង្គ្រោះផលប៉ះពាល់ចំពោះដំណាំស្រូវរបស់ប្រជាកសិករ ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ ក៏បានឲ្យដឹងថា ការងារបង្កបង្កើនផលដំណាំស្រូវវស្សាឆ្នាំ២០២១នេះ សម្រេចបាន១៨៩.៧២០ហិតា ស្មើនឹង ៩៩,៩៩%នៃផែនការ ប៉ុន្តែនៅក្នុងអំឡុងខែសីហាកន្លងទៅនេះ ដោយសារមានគ្រោះរាំងស្ងួតទើបបង្កឲ្យមានផលប៉ះពាល់លើដំណាំស្រូវជិត ១៦.០០០ហិកតា លើ៨ស្រុកក្នុងចំណោម១២ក្រុង-ស្រុកទូទាំងខេត្ត ស្មើនឹង៤១ឃុំ , ៣២១ភូមិ និង ជាង ១៤.០០០ គ្រួសារ ក្នុងនោះស្រុកជីក្រែងទទួលរងផលពាល់ច្រើនជាងគេស្មើនឹង ៦.៦០០ហិចតា នៅទូទាំ១២ឃុំ , ១៣៣ភូមិ និងជាង៣.០០០គ្រួសារ ក្នុងនោះស្រូវស្រាលទំហំ ២.៨៨០ហិកតា ត្រូវទទួលរងនូវការខូចខាត ។ លោកបានឲ្យដឹងទៀតដែរថា នៅដើមខែកញ្ញានេះ ខេត្តសៀមរាបមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយបើស្ថានភាពភ្លៀងនៅតែបន្តធ្លាក់បែបនេះទៀត ស្រូវជាង ១៦.០០០ហិតា នឹងអាចគេចផុតពីផលប៉ះពាល់ ហើយផ្ទៃដីស្រូវស្រាលដែលខូចខាតនៅស្រុកជីក្រែង អាចនឹងមានលទ្ធភាពស្តារដោយការសាបព្រួសឡើងវិញ ជាង ២.៣០០ហិកតា ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ស្រូវពូជសម្រាប់ខេត្តសៀមរាប ជាង ២០០០តោន សម្រាប់ការស្តារដំណាំស្រូវវស្សាចេញពីការខូចខាតសម្រាប់ឆ្នាំ២០២១នេះ ។
ក្នុងការចុះពិនិត្យស្ថានភាពទឹកនៅអាងទំនប់ទឹកម្កាក់ និងដំណាំស្រូវរបស់ប្រជាកសិករនៅស្រុកជីក្រែង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក៏បានណែនាំ និងជំរុញឲ្យថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញ នៃមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ និងប្រើប្រាស់ឲ្យអស់លទ្ធភាព នូវអាងទឹកធារាសាស្រ្តទំនប់ម្កាក់នេះ ជាពិសេសនោះ គឺការគ្រប់គ្រងចែកចាយទឹកដល់សហគមន៍ប្រកបដោយតម្លាភាព ៕ដោយ៖ វាយោ