Monday, November 25, 2024
Header Banner

អាជ្ញាធរខេត្តឧត្តរមានជ័យ សម្ពោធដាក់ឲ្យប្រើប្រាស់អាគារស្នាក់ប៉ុស្តិ៍នគរបាលប្រចាំការ២៤ម៉ោង នៅរង្វង់មូលព្រះបាទជ័យវរ្ម័ន ទី៧

ឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១ នេះអាជ្ញាធរពាក់ព័ន្ធនៃខេត្តឧត្តរមានជ័យ បានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់អាគារស្នាក់ប៉ុស្តិ៍នគរបាលប្រចាំការ២៤ម៉ោង ដែលទើបនឹងសាងសង់រួចនាពេលថ្មីៗនេះ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ,លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត,អាវុធហត្ថខេត្ត,យោធាខេត្ត ព្រមទាំងមន្ត្រីរាជការមួយចំនួនបានចូលរួមផងដែរ។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា នាឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងក្នុងនាមរូបខ្ញុំ ផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះវត្តមានដំ ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងភ្ញៀវកិត្តិយសទាំង អស់ ដែលបានអញ្ជើញក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការនូវប៉ុស្តិ៍ប្រចាំការ ២៤/២៤ ម៉ោង នាពេលនេះ។លោកបន្តថា ផ្ដើមចេញពីរគោលការណ៍ដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ុស្តិ៍ប្រចាំការនេះ រចនាម៉ូដឡើងតាមរចនាបទខ្មែរបុរាណសុទ្ធ សាធ ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង មានទីតាំងស្ថិតនៅរង្វង់មូលព្រះបាទជ័យវរ្ម័ន ទី៧ ដោយចំណាយអស់ថវិកាសរុបចំនួន ១០,៦៤៨ ដុល្លារ (ថវិកាផ្ទាល់ខ្ញុំបាទ និងសហការី ព្រមទាំងមានការ ចូលរួមពីសប្បុរសជនជាច្រើន)។ ប៉ុស្តិ៍នេះចាប់ផ្តើមដំណើរការកសាងពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ ហើយ ត្រូវបានបញ្ចប់ និងសម្ភោធដាក់ឲ្យដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួបមួយឆ្នាំ នៃការឡើងកាន់តំណែងជាស្នងការរបស់ខ្ញុំបាទផងដែរ។លោកបន្ថែមថា ក្រោមការចង្អុលបង្ហាញដឹកនាំដោយផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ បញ្ហាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ខ្ញុំបាទ ក្នុងការកសាងអង្គភាព គួបផ្សំការ ជួយជ្រោមជ្រែង ឧបត្ថម្ភ គាំទ្រទាំងក្នុងជួរកងកម្លាំងនគរបាលផង និងពីសំណាក់សប្បុរសជនផង សមិទ្ធផលថ្មីៗ ជាច្រើនបានលេចត្រដែតឡើង ដើម្បីសម្រួលដល់ការបំពេញតួនាទី ភារកិច្ចរបស់កងកម្លាំងនគរបាលផង និង ការប្រាស្រ័យទាក់ទងពីសំណាក់ប្រជាពលរដ្ឋផង។ កត្តាទាំងនេះ បានជំរុញលើកទឹកចិត្តកងកម្លាំងនគរបាល យើងខ្ញុំ ឲ្យកាន់តែមានឆន្ទៈមុតស្រួចថែមទៀតក្នុងការបំពេញការងារធានារក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្តិភាពសង្គម ជាពិសេសបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្តគោលនយោបាយ -ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។លោកបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២០ យើងមានប៉ុស្តិ៍នគរបាលរឹងមាំ តែ ៩២ ប៉ុស្តិ៍ប៉ុណ្ណោះ ដែលក្នុងនោះ កសាងដោយក្រសួងមហាផ្ទៃចំនួន ០៥ ,កសាងដោយគំរោង jsac (អាវុធប្តូរយកការអភិវឌ្ឍន៍) ចំនួន ០៣ និង កសាងដោយសប្បុរសជនចំនួន ០១ប៉ុស្តិ៍។ ប៉ុន្តែក្នុងរយៈពេល ១២ខែ (ឆ្នាំ២០២០-២០០១)នេះ ប៉ុស្តិ៍ នគរបាលរដ្ឋបាលដែលមានសំណង់អគាររឹងមាំ ស័ក្តិសមជាបង្អែកយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ ក្នុងការ ធាតុការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព បានកើនឡើងដល់ប៉ុស្តិ៍ ជាមួយនឹង ជួសជុលកែលំអរកសាងរបង ខ្លោងទ្វារ ប្រកបដោយសោភ័ណ្ឌភាពបានសរុប១៤ប៉ុស្តិ៍។ចំពោះអង្គភាពស្នងការដ្ឋាន ក៏បានធ្វើការកែលំអទីធ្លាដោយការចាក់ដី: ចាក់សាប ដាក់អំពូលសូឡា តម្លើងអង់តែនវិទ្យុទាក់ទងឡើងវិញ (កសាងជួសជុលបន្ទប់ធ្វើការងាររបស់ការិយាល័យ និងកន្លែងប្រចាំបញ្ហា ២៤/២៤ម៉ោង រួមជាមួយកន្លែងហូបបាយ និងកន្លែងសម្រាក ព្រមទាំងជួសជុសរថយន្តអគ្គិភ័យឡើងវិញ ដោយ ចំណាយថវិកាសរុបចំនួន ៥៤០៧០ដុល្លារ។ដោយឡែកនៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង០៥និងទីបញ្ជាការវរៈសនាតូចនគរបាល ការពារព្រំដែនគោកទាំងពីរ (៧០២ ៩០៥) ត្រូវបានគិតគូយកចិត្តទុកជាក់កសាង និងជួសជុលកែលំអរបង ខ្លោងទ្វារដែលមានសភាពចាស់ទ្រុឌទ្រោម ឲ្យមានសោភ័ណ្ឌភាពល្អប្រសើរឡើងវិញ ដែលចំណាយថវិកាសរុប ចំនួន ១៤៦១៩១ដុល្លារ (រយះពេលមួយឆ្នាំនេះយើងបានចំណាយថវិការសប់ ២០១០៩០៩ ដុល្លា)។ពិតណាស់ថវិកាដែលបានចំណាយខាងលើ គឺបានមកពីការឧបត្ថម្ភគាំទ្ររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចូលរួមដោយផ្ទាល់ពីរូបខ្ញុំបាទ រួមទាំងសហការី និងសប្បុរសជនទាំងអស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ។ ក្រៅពីនេះ អគារការិយាល័យថ្មីស្រឡាង ០១ខ្នង ដែលមានទំហំ ៧ម៉ែត្រ គុណនឹង ១៣៤ម៉ែត្រ ស្មើនឹង ៣១បន្ទប់ ដែលកំពុងដំណើរការសាងសង់បានប្រមាណ ៥០% គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការប្រចាំទិសភូមិភាគ៤ និង៥ ដោយ ចំណាយទឹកប្រាក់សរុបប្រមាណជិត ២០ម៉ឺនដុល្លារអាមេរិក។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងក្នុងនាមខ្លួនខ្ញុំ ផ្ទាល់ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ រួមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់នៃស្នង ការដ្ឋាននគរបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ អាជីវករ និងសប្បុរសជននានា ដែលជានិច្ចកាលតែងតែគិតគូរ និង ចូលរួមជាប្រចាំទាំងការផ្តល់នូវគំនិតស្មារតី និងការគាំទ្រសម្ភារ ឬថវិកាផ្ទាល់ខ្លួន ដើម្បីកសាងនូវសមិទ្ធិផលដ៏ ថ្លៃថ្លារទាំងអស់នេះឡើង។
ជាទីបញ្ចប់ និងជាថ្មីម្តងទៀត ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល ន គណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រតិភូអមដំណើរ លោក លោកស្រី និង ភ្ញៀវកិត្តិយសដែលមានវត្តមាននៅទីនេះ ពិសេសបងប្អូនប្រជាពលរដ្ឋ សប្បុរសជន អាជីវករ កសិករទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ចៀសឆ្ងាយពីជំងឺឆ្លងកាចសាហាវផ្សេងៗ ទទួលបានសុវត្ថិភាពរាល់ការ ធ្វើដំណើរទៅមកក្នុងការបំពេញការងារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ ក្នុងឳកាសនេះផងដែរឯកឧត្តម ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានគិតគូសាងសង់អាគារទាងនេះឡើងដើម្បីឲ្យកាន់តែមានភាពងាយស្រួលក្នុងការបំពេញការងារធានារក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្តិភាពសង្គម ជាពិសេសបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្តគោលនយោបាយ -ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។ មហាជនសាទរពីស្នាដៃយ៉ាងធំធេងដែលថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានរួមចំណែកកសាងនូវសមិទ្ធិផលនេះដើម្បីបុព្វហេតុជាតិ មាតុភូមិកាន់តែមានការរុងរឿងឡើង៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម