សៀមរាប៖នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។
ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានសុខាភិបាល និងការធ្វើតេស្តរហ័ស (Rapid Test ) សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។បន្ទាប់ពីលោកស្នងការចាស់នឹងស្នងការថ្មីឡើងអានរបាយការណ៍និងប្តេជ្ញាចិត្តជូនថ្នាក់ដឹកនាំជ្រាបរួចមក ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានមានមតិសំណេះសំណាលនិងកោតសរសើរដល់លោកស្នងការចាស់ដែលចូលនិវត្តន៍ដែលបានប្រឹងប្រែងបំពេញការបានល្អនិងរួមចំណែកជួយទប់ស្កាត់កូវីដ.១៩។ឯកឧត្តមអភិបាលខេត្តបន្តថា លោកស្នងការថ្មីត្រូវបន្តអនុវត្តន៍ការងារប្រកបដោយតម្លាភាព និងស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលការដែលប្រមុខថ្នាក់ដឹកនាំប្រគល់ជូននេះ។ក្នុងឱកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានមានមតិសំណេះសំណាលនឹងក្រើនរម្លឹកការងារមួយចំនួនដល់លោកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថ្មី អោយបន្តអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរថែមទៀត។ ក្នុងនោះត្រូវចូលរួមសហការជាមួយស្ថាប័នផ្សេងៗអោយបានល្អ និងត្រូវចូលរួមទប់ស្កាត់នៃការរាលដាលនៃជម្ងឺកូវីដ.១៩ជាមួយអាជ្ញាធរដើម្បីឲ្យមានការថយចុះនៃការឆ្លងមកវិញ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍៕ ដោយ÷ ភារះ