សៀមរាប÷ បុរសជាប្តីបានរត់គេចមកចង.ក សម្លាប់ខ្លួនឯង ក្រោយបង្កហឹង្សាក្នុងគ្រួសារបាន១ថ្ងៃ ដោយប្រើពូថៅកាប់ប្រហារទៅលើប្រពន្ធបណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរងរបួសកាលពីម្សិលមុិញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ០០នាទី ដែលហេតុការណ៍នេះបានកើតឡើងនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។
ក្រោយពេលកើតហេតុ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកឧត្តសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ជាជំនួយការ ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្វែងរកចាប់ជនសង្ស័យរហូតដល់ម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃទី ២០កញ្ញា២០២១ កម្លាំងយើងបានរកឃើញជនស័ង្សយខាងលើ ចងកធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងកនិងខ្សែនីឡុងពណ៍ខៀវ នៅលើដើមព្រីង ត្រង់ចំណុចព្រៃវាលស្រែនៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុងភូមិឃុំកើតហេុតខាងលើ ។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៩កញ្ញា២០២១ វេលាម៉ោង ១៦,០០នាទី ជនរងគ្រោះឈ្មោះ សាន ចាន់ កំពុងនៅផ្ទះក៏មានទំនាស់ពាក្យសម្តីជាមួយជនសង្ស័យ ភ្លាមនោះជនសង្ស័យឈ្មោះ ឆែម ទក ភេទប្រុស ស្រវឹងស្រា បានយកពូថៅកាប់ទៅលើប្រពន្ធ ឈ្មោះ សាន ចាន់ ត្រូវក្បាលផ្នែកខាងក្រោយ ២ពូថៅ បណ្តាលឲ្យស្លាប់ បន្ទាប់មកជនសង្ស័យបានដើរទៅកាប់ ជនរងគ្រោះឈ្មោះ ឃាន់ សុខាន់ ភេទស្រី ដែលកំពុងដេកលើអង្រឹងក្រោមផ្ទះគាត់ ចម្ងាយពីផ្ទះជនសង្ស័យ ៣០ម៉ែត្រ ត្រូវចំ.ក ១ពូថៅបណ្តាលឲ្យរបួស ពេលនោះជនរងគ្រោះឈ្មោះ ឃាន ឆាត ភេទប្រុសស្ទុះមកជួយក៍ត្រូវជនសង្ស័យកាប់ត្រូវចំដៃឆ្វេង១ពូថៅ បណ្តាលឲ្យរបួស ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានកាន់ពូថៅរត់គេចខ្លួនបាត់ ។លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាងបន្តថា ប្រពន្ធដែលស្លាប់ក្នុងករណីហឹង្សាខាងលើ ឈ្មោះ សាន ចាន់ ភេទស្រី អាយុ២៧ឆ្នាំ និងអ្នករងរបួស២នាក់ផ្សេងទៀត ១.ឈ្មោះ ឃាន សុខាន់ ភេទស្រី អាយុ៣០ឆ្នាំ, ២.ឈ្មោះ ឃាន ឆាត ភេទប្រុស អាយុ៣៨ឆ្នាំ ចំណែកជនសង្ស័យជាប្តី ឈ្មោះ ឆែម ទក ភេទប្រុស អាយុ ៣៤ឆ្នាំ ជនរងគ្រោះទាំង ០៣នាក់រស់នៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។ដោយ÷ ភារះ