ខេត្តបន្ទាយមានជ័យ÷ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការយោធាខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពទឹកជំនន់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការកាយបើកមុខទឹករំដោះទឹកភ្លៀងជន់លិចផ្លូវ និងតំបន់ដែលប្រជាពលរដ្ឋរស់នៅក្បែរមាត់អូរព្រំដែនមួយចំនួន ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានអោយដឹងថា ស្ថានភាពទូទៅក្នុងក្របខណ្ឌទូទាំងខេត្តបន្ទាយមានជ័យ ស្ថានភាពទឹកមិនទាន់មានបញ្ហាបង្កអោយជន់លិចធ្ងន់ធ្ងរនោះទេ ស្ថានភាពទឹកមានការហក់ឡើងខ្លាំងក្នុងតំបន់មួយចំនួន ក្នុងរយៈពេល២សប្តាហ៍នេះ ដោយរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ បង្កឲ្យមានការឡើងជន់លិចផ្លូវ សាលារៀន ដំណាំរួមផ្សំ កសិកម្មតិចតូច និងលិចក្រោមផ្ទះសម្បែងប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាប ជាប់មាត់ស្ទឹង អូរជាដើម ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៍បានផ្តល់ស្បៀងអាហាររួមមាន អង្ករ ទឹកសុីអុីវ ទឹកត្រី និងទឹកបរិសុទ្ធជូនប្រជាពលរដ្ឋ ប្រមាណ ៧០គ្រួសារ ដែលមករស់នៅលើទីទួលសុវត្ថិភាពដែលក្រុមការងារក្រុង-សង្កាត់បានរៀបចំចំនួន ៣ទីតាំង ។
ឯកឧត្តមអភិបាលខេត្តក៍បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីមូលដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈ ទាំងសម្ភារៈ កងកម្លាំងដើម្បីត្រៀមចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងករណីកើតមានទឹកជំនន់ធ្ងន់ធ្ងរជាយថាហេតុណាមួយកើតឡើង និងបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួនពីគ្រោះធម្មជាតិនេះដោយប្រការណាមួយ ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើទីទួលសុវត្ថិភាព សូមរក្សាអនាម័យ និងគោរពវិធានការសុខាភិបាល ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន ។ដោយ÷ ណយ