កំពង់ធំ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ធំ អយ្យការអមសាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បានទទួលអំណោយជាសម្ភារះដើម្បីការពារជំងឺកូវីដ-១៩ ពីលោក ហ៊ុន គឹមជាតិ ក្មួយបង្កើតសម្តេចតេជោ ហ៊ុន សែន និងក្រុមការងារ សំដៅចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ ហើយខេត្តកំពង់ធំ ក៏ជាខេត្តមួយក្នុងបណ្តាខេត្តផ្សេងៗទៀតដែលកំពុងរងការវាយលុកពីជំងឺកូវីដ-១៩នេះផងដែរ ។
អំណោយដែលប្រគល់ជូនស្ថានប័ននីមួយៗខាងលើនេះរួមមាន៖ ម៉ាស់ចំនួន ៥ពាន់ ម៉ាស់, អាល់កុល ៣ កាន និងទឹកបរិសុទ្ធចំនួន ៣០ កេស ក្នុងមួយអង្គភាព។
នៅក្នុងពិធីប្រគល់អំណោយទាំងនេះ ត្រូវបានទទួលពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការអាវុធហត្ថខេត្ត ។
នៅក្នុងពិធីប្រគល់ និងទទួលខាងលើនេះ លោក ហ៊ុន គឹមជាតិ បានថ្លែងថា អំណោយទាំងនេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្ត ដែលកំពុងបានខ្នះខ្នែងយ៉ាហងស្វាហាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។លោកក៏បានផ្តាំផ្ញើថា សម្ដេចតេជោ ហ៊ុន សែន ខ្វាយខ្វល់ណាស់ពីសុខទុក្ខរបស់ប្រជារាស្ត្រគ្រប់ៗគ្នា ទាំងអស់ទូទាំងប្រទេស ខ្លាចក្រែងពលរដ្ឋមានការឆ្លងជំងឺនេះ ហើយសម្តេចបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ គ្មានសម្រាកស្រួលខ្លួនឡើយ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាន មិនឲ្យមានការឆ្លងទ្រង់ទ្រាយធំជាដាច់ខាត និងឈានទៅរកការកាត់ផ្ដាច់ការចម្លងនេះមិនឲ្យរាតត្បាតតទៅមុខទៀត ។
ជាការឆ្លើយតប ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់លោក ហ៊ុន គឹមជាតិ និងក្រុមការងារ ដែលមានទឹកចិត្តសប្បុរសជួយឧបត្ថម្ភសម្ភារទាំងនេះជូន ជាការរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩នៅក្នុងខេត្ត៕ ដោយ÷ សែ