Saturday, October 12, 2024
Header Banner

ឃាត់ខ្លួនបុរសម្នាក់ ករណីរាយខ្សែភ្លើងនៅស្រែឆក់យកសត្វកណ្តុរ បណ្តាលឲ្យឆក់ស្លាប់មនុស្សម្នាក់និងសន្លប់ម្នាក់

សៀមរាប៖នគរបាលស្រុកពួកបានចាប់ខ្លួនលើជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា រាយខ្សែភ្លើងនៅតាមវាលស្រែឆក់យកសត្វកណ្តុរ បណ្តាលឲ្យឆក់ស្លាប់មនុស្សម្នាក់និងសន្លប់ម្នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២១ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចដីស្រែរបស់ជនសង្ស័យស្ថិតនៅក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ៃ យឿត អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា (រាយខ្សែភ្លើងឆក់យកសត្វកណ្តុរ បណ្តាលឲ្យឆក់ស្លាប់អ្នកដ៏ទៃ) ខាងលើ បានតភ្ជាប់ខ្សែភ្លើងបណ្ដាញអគ្គិសនីពីផ្ទះរបស់ខ្លួនទៅដីស្រែកើតហេតុដែលនៅទិសខាងលិចចម្ងាយប្រហែល៧០ម៉ែត្រ និងតភ្ជាប់ដោយខ្សែលួសហុមព័ទ្ធដីធ្វើស្រែរបស់ខ្លួននោះ ដើម្បីដាក់ជាអន្ទាក់ឆក់សត្វកណ្ដុរ បណ្ដាលឲ្យឆ្លងឆក់លើជនរងគ្រោះ២នាក់បងប្អូនបង្កើត។ទី១,ឈ្មោះ ភួន ផង់ ភេទប្រុស អាយុ៣៥ឆ្នាំ បណ្តាលឲ្យស្លាប់ ទី២,ឈ្មោះ ភួន ភិត ហៅចិន ភេទប្រុសអាយុ២១ឆ្នាំ បណ្ដាលឲ្យរងរបួស(សន្លប់)ពួកគាត់រស់នៅភូមិឃុំកើតហេតុខាងលើ ខណៈពួកគាត់កំពុងដើរលើឆ្លុះបាញ់សត្វក្នុងបរិវេណដីស្រែនោះ ។ក្រោយទទួលសេចក្តីរាយការណ៍ភ្លាមៗ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការនាំខ្លួនឈ្មោះ យ៉ៃ យឿត មកធ្វើការសួរនាំគេបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពតបណ្ដាញចរន្តភ្លើងអគ្គិសនីជុំវិញដីស្រែរបស់គេ បណ្ដាលឲ្យឆក់លើជនរងគ្រោះទាំងពីរនាក់ ស្លាប់នឹងរងរបួសប្រាកដមែន។ សមត្ថកិច្ច ពិនិត្យសាកសពជនរងគ្រោះឈ្មោះភួន ផង់ ឃើញមានស្លាក ស្នាមអុជជាំ នៅប្រអប់ជើងខាងស្ដាំ។ ចំណែកជនរងគ្រោះឈ្មោះ ភួន ភិត ហៅចិន ឃើញមានស្លាកស្នាមអុជជាំ នៅប្រអប់ជើងខាងស្ដាំ និងប្រអប់ខ្នងដៃខាងឆ្វេង កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពួក ។សមត្ថកិច្ចពិនិត្យឃើញមានខ្សែភ្លើង ខ្សែលួសហុមព័ទ្ធ នឹងឃើញកាំភ្លើងខ្យល់កែច្នៃជាមួយសម្ភារៈមួយចំនួនរបស់ជនរងគ្រោះនៅហ្នឹងដីស្រែកើតហេតុ ។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកពួក កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម