សៀមរាប៖យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនបានឲ្យដឹងកាលពីដើមខែតុលាឆ្នាំ២០២១ នេះថា អាជ្ញាធរចៅសង្កាត់ជ្រាវ បានអះអាងថា លោកនឹងប្តឹងបុគ្គល៣រូប តាមផ្លូវច្បាប់ ប្រសិនបើពួកគេនៅតែបន្តញុះញុងក្រុមពលរដ្ឋអោយតវ៉ារារាំងការអភិវឌ្ឍន៍ជីកស្តារត្រពាំងបុរាណ(ហែផ្កា)។
ប្រភពបានឲ្យដឹងថា លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានប្រាប់អ្នកកាសែតកាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០២១ នេះ នៅក្នុងសាលាសង្កាត់ជ្រាវថា ត្រពាំងបុរាណឈ្មោះ ថាត្រពាំងហែផ្កា មានទីតាំងក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប មានទំហំជាង៦ម៉ឺនម៉ែត្រ ក្រឡា(ជាង៦ហិកតា)។ ត្រពាំងបុរាណមួយនេះ បានរងការរំលោភបំពានកាន់កាប់ដោយបុគ្គល៣ទៅ៤រូប ហើយត្រូវបានជួយសង្គ្រោះមកវិញដោយអាជ្ញាធរក្រុង.ខេត្ត.និងអាជ្ញាធរអប្សរា។ ដោយមើលឃើញអំពីសក្តានុពល ដែលអាចទាក់ទាញអ្នកទេសចរ ទៅកំសាន្ត និងអាចផ្តល់ប្រយោជន៍ដល់ពលរដ្ឋរស់នៅក្បែរនោះអោយមានជីវភាពប្រសើរ តាមរយ:ការលក់ដូរ និងដើម្បីរក្សាសម្បត្តិជាតិផងនោះ អាជ្ញាធរទាំង៣ ខាងលើ បានផ្តល់សិទ្ធិអោយអាជ្ញាធរសង្កាត់ជីកស្តារដើម្បីអភិរក្សត្រពាំងបុរាណនេះឡើងវិញ។ ប៉ុន្តែនៅ ពេលរៀបចំដាក់គ្រឿងចក្រដើម្បីជីកស្តារ ក៏ត្រូវក្រុមពលរដ្ឋលើកគ្នាមកតវ៉ារារាំងមិនអោយជីកស្តារ ដោយ មានបុគ្គល៣រូបជាអ្នកញុះញង់ក្រុមពលរដ្ឋ។
លោកក្អោប រ៉ន បានបញ្ជាក់ថា បុគ្គ៣រូបដែលញុះ ញុងពលរដ្ឋអោយរារាំងការអភិរក្សនេះ ទី១ឈ្មោះភាជ ផង់ ជាមេភូមិបុស្សក្រឡាញ់ ទី២ឈ្មោះ ឃុន សុខន ជាឈ្មួញដីឡូត៍ និងទី៣ឈ្មោះពុម សុគន្ធា ភេទស្រី ជាឈ្មួញដីឡូត៍ និងមានបុគ្គលម្នាក់ទៀតជាមន្ត្រីក្នុងសាលាសង្កាត់ជ្រាវ ជាមេខ្លោងនៅពីក្រោយខ្នង។ ការដែលពួកគេញុះញុងពលរដ្ឋអោយតវ៉ារារាំងនេះ គឺក្នុងគោលបំណងរំលោភយកដីត្រពាំងកាន់កាប់ដើម្បីពុះឡូត៍លក់ចែកគ្នា។ តាមពិតពលរដ្ឋដែលរស់នៅលើដីមាត់ត្រពាំងមានត្រឹមតែ៦ គ្រួ សារប៉ុណ្ណោះ ហើយក៏បានស្រង់ឈ្មោះសម្រាប់ដោះ ស្រាយរួចហើយដែរ។ ប៉ុន្តែពួកគេ បែជាដើរប្រមូលពលរដ្ឋអោយផ្តិតមេដៃរហូតជិត៣០០នាក់ នេះអាចបញ្ជាក់ថា ក្លែងមេដៃ។
លោកក្អោប រ៉ន បញ្ជាក់ទៀតថា ក្នុងសប្តាហ៍ខាង មុខនេះ អាជ្ញាធរសង្កាត់នឹងដាក់គ្រឿងចក្រជីកស្តារត្រពាំងជាថ្មី ហើយបើបុគ្គល៣រូបខាងលើនៅតែបន្តញុះញុងដឹកនាំពលរដ្ឋមករារាំងទៀត លោកនឹងប្តឹងតាមផ្លូវច្បាប់ ដោយពុំមានការយោគយល់ឡើយ ត្បិតអាជ្ញាធរគ្រប់ថ្នាក់ចេញសេចក្តីសម្រេចរួចអស់ហើយ។
យោងតាមការបញ្ជាក់របស់លោកចៅសង្កាត់ គេរំពឹងថា អាជ្ញាធរគ្រប់ថ្នាក់ នឹងចាត់វិធានការលើបុគ្គលរារាំងការអភិវឌ្ឍន៍នេះ។ ទោះជាយ៉ាងនេះក្តីពលរដ្ឋនៅក្នុងមូលដ្ឋាននៃសង្កាត់ជ្រាវព្រមទាំងមហាជនរង់ចាំមើលថាអាជ្ញាធរខេត្តសៀមរាប អាចនឹងមានវិធានការផ្លូវច្បាប់ចំពោះជនខិលខូចទាំងនោះដែលហ៊ានយកត្រពាំងហែ ផ្កា ដែលមានផ្ទៃដីទំហំរហូតដល់៦ ម៉ឺនម៉ែត្រការ៉េ មកពុះដីឡូតិ៍លក់ ហើយហេតុអ្វីអាជ្ញាធរភូមិឃុំ ,ក្រុង ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ មិនមានវិធានការ ក្នុងការទប់ស្កាត់បុគ្គលទាំងនោះ ឬក៏មានការឃុបឃិតគ្នាជាប្រព័ន្ធ៕ដោយ÷ ភក្តី ប្រភពពី៖srp