Monday, November 25, 2024
Header Banner

អាជ្ញាធរខេត្តសៀមរាបគ្រោងនឹងបើកសាលារៀនឡើងវិញដែលមានគ្រឹះស្ថានសិក្សារដ្ឋ១៧៣សាលា

សៀមរាប៖ ក្រុមការងារនៃគណៈកម្មការរៀបចំបើកដំណើរការសាលារៀនឡើងវិញរបស់ខេត្តសៀមរាប បានចុះពិនិត្យមើលទីតាំងសាលាមួយចំនួនក្នុងចំនួនស្រុក៣នៃខេត្តសៀមរាប គឺស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកសូទ្រនិគម ដើម្បីដាក់ឲ្យដំណើរការក្នុងជំហ៊ានដំបូង ឆ្ពោះទៅរកការបើកបង្រៀននិងរៀនតាមបណ្តុំ ដែលកន្លងមកខេត្តសៀមរាប មានត្រឹមតែការអនុវត្ត ការបង្រៀននិងរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច និងបណ្តុំក្នុងកម្រឹតសហគមន៍ដែលមិនមែនជាការបើកសាលារៀននោះឡើយ ។

ការបើកសាលារៀនឡើងវិញ ដើម្បីបង្រៀននិងរៀនតាមបណ្តុំ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តសៀមរាបពុំទាន់បានដំណើរការនៅឡើយនោះទេ ដោយសារតែកាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ ខេត្តសៀមរាបកំពុងស្ថិតក្នុងស្ថានភាពហានីភ័យខ្ពស់នៃជម្ងឺកូវិដ-១៩ តែយ៉ាងណាក៏ដោយ នៅមានបន្តការបង្រៀនសិស្សពីចម្ងាយតាមប្រព័ន្ធអនឡាញ។ ប៉ុន្តែក្រោយពីការប្រកាសរំសាយតំបន់លឿងទុំនិងតំបន់ក្រហមនាចុងខែកញ្ញាកន្លងមកនេះ ក្នុងចំណោមបណ្តាក្រុង-ស្រុកទាំង១២របស់ខេត្តសៀមរាប មានបណ្តាស្រុកចំនួន៨ បានពាក់ពាក្យស្នើសុំបើកសាលាបង្រៀនសិស្សឡើងវិញ មករដ្ឋបាលខេត្ត តាមរយៈមន្ទីរអប់រំ យុវជន និងកីឡា។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មការរៀបចំបើកដំណើរការសាលារៀនឡើងវិញ បានឲ្យដឹងកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះថា នៅក្នុងបេសកកម្មការងារទៅកាន់ស្រុកចំនួន៣ គឺស្រុកបន្ទាយស្រី ស្រុកស្វាយលើ និងស្រុកសូទ្រនិគម ក្នុងគោលបំណងជួបប្រឹក្សាជាមួយអាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន គណកម្មការគ្រប់គ្រងសាលា ដើម្បីស្វែងយល់និងផ្តល់នូវការណែនាំ អំពីការត្រៀមលក្ខណៈបើកសាលាវិញនោះ។ លោកបញ្ជាក់ថា ស្រុកទាំង៣នេះ ស្ថិតក្នុងចំណោមស្រុកចំនួន៥ផ្សេងទៀត ដែលបានដាក់ពាក្យស្នើសុំបើកសាលារៀនឡើងវិញ រួមមាន ស្រុកប្រាសាទបាគង ស្រីស្នំ វារិន្ទ អង្គរធំ និងស្រុកក្រឡាញ់ ក្នុងចំណោមទាំង៨ស្រុកនេះ មានគ្រឹះស្ថានសិក្សារដ្ឋកម្រឹតមធ្យមចំនួន៤៤សាលា និងកម្រឹតបឋមសិក្សាចំនួន១២៩លាសា។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ក៏បានគូសបញ្ជាក់ដែរថា ការបើកសាលាបង្រៀនសិស្សឡើងវិញនេះ វាមិនមែនជាព្រឹត្តិការណ៍ ឬជាការងារថ្មីនោះទេ ការណែនាំរបស់ក្រសួងអប់រំ កាលពីដើមខែកញ្ញាឆ្នាំ២០២០នៅជាធរមាននៅឡើយ ព្រមជាមួយនឹងការណែនាំបន្ថែមស្តីពីស្តង់ដាអនាម័យ ការអនុវត្តវិធានការ៣ការពារ ៣កុំ ការចាក់វ៉ាក់សាំងបង្កាសម្រាប់សិស្សនិងបុគ្គលិកអប់រំ និងការធ្វើតេស្តសំណាកគ្រូបង្រៀន មុនបើកសាលាបង្រៀនសិស្ស ជាដើម។

លោក លី ប៊ុនណា បានបន្ថែមឲ្យដឹងថា ខេត្តសៀមរាបកន្លងមកនេះ បើទោះជាការបង្រៀននិងរៀនតាមបណ្តុំមិនទាន់បានដំណើរការនៅឡើយ ក៏ប៉ុន្តែការបង្រៀននិងរៀនពីចម្ងាយ ត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ ដោយបានរៀបចំឲ្យមានក្នុងរូបភាពចម្រុះ ជាបណ្តុំតាមសហគមន៍ ដែលធ្វើឲ្យកិច្ចការទាំងនេះ បានបង្កើតឲ្យមានបទជាពិសោធន៍ ផងដែរ។ការត្រៀមបើកសាលារៀនឡើងវិញនេះ ផ្តោតលើអទិភាពថ្នាក់ទី៥ ទី៦ ទី៩ និងថ្នាក់ទី១២ និងក្នុងថ្នាក់រៀននីមួយៗ មិនលើសទី១៥នាក់៕ដោយ÷ វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម