Sunday, November 24, 2024
Header Banner

នគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីចាក់ជនជាតិចិនម្នាក់ជាភ្ញៀវជិះPassApp របស់ខ្លួននៅខេត្តព្រះសីហនុ បណ្តាលឲ្យរបួសធ្ងន់

សៀមរាប៖នគរបាលខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០២១នេះថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅត្រង់ចំណុចក្នុងបេនឡាន បុរី សៀង ណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ថង សម្បត្តិ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ រត់PassApp បច្ចុប្បន្ន ស្នាក់នៅភូមិរំដួលជើងភ្នំ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺពាក់ព័ន្ធទៅនឹងករណី ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ( ចាក់និងកូនកាំបិត ) ដោយនៅវេលាម៉ោង០៤:០០នាទីទាបភ្លឺ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ CHEN JIALI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន បានហៅ PassApp របស់ជនសង្ស័យឈ្មោះ ថង សម្បត្តិ អោយដឹកទៅកន្លែងស្នាក់នៅ ពេលនោះជនរងគ្រោះស្រវឹងស្រា ដោយខឹងជនសង្ស័យ ដឹកហួសកន្លែងស្នាក់នៅ ជនរងគ្រោះបានជេ និងវ៉ៃជនសង្ស័យ ដោយទះ ០៣កំផ្លៀង ហើយភ្លាមនោះជនសង្ស័យក៏បានយកកាំបិតចុងស្រួចនៅក្នុងPassApp ចាក់ទៅលើជនរងគ្រោះចំផ្នែកពោះចំនួន ០១កាំបិត បណ្តាលឲ្យរបួសធ្ងន់ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានគេចខ្លួនបាត់ ។លុះរហូតដល់វេលាម៉ោង១៥:០០នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១នេះ ទើបកម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្តងនៅចំណុចបេនឡានក្នុងបុរី សៀង ណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ហើយក្រោយពេលសាកសួរចប់ កម្លាំងនគរបាលខេត្តសៀមរាបបានប្រគល់ជនសង្ស័យឈ្មោះ ថង សម្បត្តិ ឲ្យទៅកម្លាំងអធិការក្រុងព្រះសីហនុ ដើម្បីបន្តនីតិវីធី៕ដោយ÷ ភារះ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម