Sunday, November 24, 2024
Header Banner

លោកអធិការស្រុកប្រាសាទបាគង ច្រានចោលបណ្តឹងអនាមិក ដែលចោទថា ពុករលួយ និងបក្សពួកនិយម

សៀមរាប៖ អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯកលឹម សម្បត្តិ បានថ្លែងថា លោកសុំបដិសេធចោលទាំងស្រុង ចំពោះបណ្តឹងអនាមិក ដែលបានប្តឹងចោទថា រូបលោកប្រព្រឹត្តិអំពើពុករលួយ។ ការច្រានចោលរបស់លោកអធិការ គឺក្រោយពេលបណ្តឹងអនាមិកបែកធ្លាយជាសាធារណ: ហើយត្រូវបានបណ្តាញសារព័ត៌មានយកទៅចុះផ្សាយជាបន្តបន្ទាប់។ អធិការនគរបាលស្រុកប្រាសាទបាគង លោក វរសេនីយ៍ឯក លឹម សម្បត្តិ បានថ្លែងអោយដឹងតាមទូរសព្ទ័ថា នៅក្នុងបណ្តឹងដែលបានសរសេរបរិយាយប្តឹងរូបលោកដោយមិនមានដាក់ឈ្មោះ ហើយផ្តិតមេដៃត្រួតលើគ្នានោះ គឺជាបុគ្គលជាអ្នកប្រឌិតប៉ុណ្ណោះ។

ក្នុងបណ្តឹងសរសេរថា រូបលោកប្រព្រឹត្តិអំពើពុករលួយ សុំអោយថ្នាក់លើដករូបលោកចេញពីដំណែងជាអធិការ​ករណីនេះ រូបលោកក៏មិនបានដឹងអំពីបំណងរបស់បុគ្គលដែរ តែសង្ឃឹមថា ថ្នាក់លើនឹងធ្វើការស្រាវជ្រាវពិនិត្យ និងពិចារណា។

លោកអធិការបញ្ជាក់ថា កន្លងមកធ្លាប់បានបើកអង្គប្រជុំផ្តល់មតិដើម្បីស្វែងរកថវិការខ្លះ ក្នុងការកសាងប៉ុស្តិ៍នគរបាលកំពង់ភ្លុក។ ក្នុងនោះក៏បានឯកភាពគ្រប់បណ្តាប៉ុស្តិ៍ក្នុង១ប៉ុស្តិ៍៥០ម៉ឺនរៀលយកទៅជួយកសាងប៉ុស្តិ៍កំពង់ភ្លុក ។ចំណែករឿងទិញអាយកូម (វិទ្យុទាក់ទង)សម្រាប់បំរើការតាមបណ្តាប៉ុស្តិ៍ ក៏ដូចជាក្នុងមូលដ្ឋានស្រុកទាំងមូល ក៏បានឯកភាពក្នុងអង្គប្រជុំផងដែរ។ ក្រៅពីរឿងទាំងនេះ រូបលោកក៏បានចំណាយថវិការផ្ទាល់ខ្លួនខ្លះៗយកមករៀបចំកែលំអក្នុងបរិវេណអធិការផងដែរ។

ជាមួយការបកស្រាយរបស់លោកអធិការនេះ លោកសូរ ប្លាតុង អភិបាលស្រុកប្រសាទបាគង បានបង្ហោះសារសម្តែងការសោកស្តាយចំពោះបណ្តឹងអនាមិកដែលផ្តិតមេដៃត្រួតលើគ្នាប្តឹងលោកអធិការ។ លោកអភិបាលស្រុកបានសរសេរថា កំឡុងពេលកន្លងមក អធិការរូបនេះតែងសហការក្នុងការចូលរួមទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន ពិសេសសុវត្ថិ ភាពពលរដ្ឋក្នុងស្រុកប្រាសាទបាគងទាំងមូល គឺគ្រប់យ៉ាងមិនដូចការចោទប្រកាន់របស់បណ្តឹងអនាមិកឡើយ។

ចំណែកលោកអធិការលឹម សម្បត្តិ បានបញ្ជាក់ចុងក្រោយថា គំនិតរបស់បុគ្គល លោកពិតជាពុំអាចហាមឃាត់គេបាន តែសុំថ្នាក់ដឹកនាំ មេត្តាស្រាវជ្រាវ​ ពិនិត្យ និងពិចារណា ត្បិតរូបលោកពុំបានប្រព្រឹត្តិដូចបណ្តឹងអនាមឹកនោះឡើយ៕ដោយ÷វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម