ខេត្តសៀមរាប៖មានហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយបានកើតឡើងដោយប៉េអឹមខេត្តសៀមរាប ម្នាក់បាញ់ ១គ្រាប់ គម្រាមប៉ូលីសអន្តរាគមន៍ខណះកំពុងសាកសួររឿងជំលោះពាក្យសំដី ដែលបានកើតឡើងនៅវេលាម៉ោង២៣ និង០៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចទីតាំងការ៉ាស់សាំង សូរិយា ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កជាមន្ត្រីអាវុធហត្ថឈ្មោះ អាង សែន (ហៅ ចិត្រ) នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប។
ប្រភពបានបន្តថា មុនពេលកើតហេតុ នៅទីតាំងការ៉ាស់សាំង ស្ថិតនៅភូមិតាវៀន ដែលមានម្ចាស់ឈ្មោះយ៉ា ភេទស្រី អាយុប្រហែល៤០ឆ្នាំ ដោយឈ្មោះ អាង សែន ជាប៉េអឹម បានទៅផឹកស៊ីនៅទីតាំងខាងលើ ដោយក្នុងនោះក៏មានមនុស្សប្រុសម្នាក់ទៀតឈ្មោះ ហាត សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអាជីករ ទីលំនៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប អាចជាដៃគូរម្ចាស់ផ្ទះ។ សមត្ថកិច្ចបន្តទៀតថានៅពេលនោះក៏កើតមានទំនាស់ពាក្យសម្តីគ្នា ហើយឈ្មោះ ហាត សុភា ក៏បានខលហៅសមត្ថកិច្ច អោយជួយអន្តរាគមន៍ក្រែងមានរឿង លុះពេលសមត្ថកិច្ចទៅដល់ហើយកំពុងសាកសួរបានបន្តិច ប៉េអឹមឈ្មោះ អាង សែន បានបាញ់ទាំងកំរោលលើសាបមុខផ្ទះតែម្ដង បណ្តាលអោយខ្ទាតបំណែកថ្មត្រូវឈ្មោះ ហាត សុភា រលាត់ក្រោមត្របកភ្នែកខាងស្តាំ បណ្តាលអោយរបួសស្រាល។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ ដោយបាននាំខ្លួនលោក អាង សែន និងវត្ថុតាងយកមកទីបញ្ជាការដើម្បីធ្វើការសាកសួរអនុវត្តតាមនីតិវិធី ហើយលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថា នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកភស្តុតាង ដោយភាពយុត្តិធម៌។
លោកឧត្តមសេនីយ៍តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ថ្លែងប្រាប់សារព័ត៌មាន សៀមរាប ថែមស៍ ថា ករណីនេះ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបហើយ។
ពាក់ព័ន្ធនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ករណីនេះកម្លាំងអាវុធហត្ថកំពុងស្រាវឲ្យបានច្បាស់លាស់មុននឹងមានវិធានការតាមផ្លូវច្បាប់។
មហាជនលើកឡើងថា ករណីបាញ់បោះបានកើតឡើងជាបន្តបន្ទាប់នៅខេត្តសៀមរាប ដែលគេឃើញថាភាគច្រើនជាសមត្ថកិច្ចជាអ្នកបង្កឡើង។គេទន្ទឹងរង់ចាំមើលថាតើថ្នាក់ដឹកនាំនឹងមានវិធានការតាមផ្លូវច្បាប់យ៉ាងណាខ្លះ គឺជាគំរូល្អដល់ពលរដ្ឋ៕ដោយ÷ភារះ