សៀមរាប៖ រសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាប ដាក់ចេញនូវផែនការជម្រុញ ឲ្យមានការចាប់ផ្តើមជាថ្មីរៀបចំកំពង់ផែ ចុងឃ្នៀស ឡើងវិញ បន្ទាប់ពីអាក់ខានក្នុងវិបត្តិកូវីដ-១៩កន្លងមក ដើម្បីត្រៀមលក្ខណៈបើកអោយដំណើរការទទួលភ្ញៀវទេសចរឡើងវិញ នៅដើមឆ្នាំ២០២២ខាងមុខនេះ ស្របតាមគន្លងប្រក្រតីភាពថ្មី និងត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសុវត្ថិភាព ( SOP ) រៀនរស់ជាមួយកូវីដ-១៩ ។
ក្នុងឪកាសចុះពិនិត្យជាមួយក្រុមការងារចម្រុះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញឲ្យដឹងអំពីផែនការចំពោះមុខ ដែលក្នុងជំហ៊ានដំបូងនេះ គឺចាំបាច់ត្រូវតែមានការជួសជុលបន្ទាន់ផ្លូវចូលតំបន់កំពង់ផែចុងឃ្នៀស។ ឯកឧត្តមបញ្ជាក់ថា កំពង់ផែចុងឃ្នៀស គឺជាគោលដៅសំរាប់ការអភិវឌ្ឍន៍នាពេលអនាគត ឲ្យស្របតាមស្តង់ដារកំពង់ផែទេសចរណ៍ ដោយគិតគូរ លើការបំពាក់សម្បទាទ្រទ្រង់សេវាកម្មផងដែរ ។សម្រាប់ការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង និងទេសចរណ៍ផ្ទៃក្នុង ដែលសៀមរាប-អង្គរ គ្រោងនឹងបើកទទួលភ្ញៀវជាផ្លូវការថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ តំបន់ចុងឃ្នៀស ត្រូវតែរៀបចំអោយបានល្អប្រសើរ សន្តិសុខ សណ្តាប់សាធារណៈ ដែលជាពិសេសនោះ គឺត្រូវបានកំណត់ច្បាស់លាស់ បែងចែកឲ្យមានជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម។
គួរំលឹកដែរថា កំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានរដ្ឋបាលខេត្តចូលគ្រប់គ្រងជាបណ្តោះអាសន្នកាលពីចុងខែសីហាកន្លងមកនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតចេញពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន។ បើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្តី បានកំណត់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងតំបន់កំពង់ផែនេះជាបណ្តោះអាសន្ន។ ជាសំខាន់ ផែនការ១០ចំណុចសម្រាប់ការគ្រប់គ្រងតំបន់នេះ គឺដើម្បីអភិវឌ្ឍន៍ រក្សាតម្លៃផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ តំបន់ចុងឃ្នៀសនេះដែរ គឺជាគោលដៅនៃការអភិវឌ្ឍពហុវិស័យ ដោយមានវិស័យទេសចរណ៍ជាស្នូល ហើយក៏ជាកំពង់ផែដឹកជញ្ជូនផ្លូវទឹក និងជាតំបន់ចែកចាយផលនេសាទទឹកសាបផងដែរ៕ដោយ÷ វាយោ