Sunday, November 24, 2024
Header Banner

ប៉ូលិសអន្តរាគមន៍ ម្នាក់បាញ់ពីរគ្រាប់ ក្នុងករណីទំនាស់ហឹង្សា នៅហាងផឹកស៊ី១កន្លែង ក្នុងក្រុងសៀមរាប

សៀមរាប៖នៅម៉ោង៣ទៀបភ្លឺរំលងអាធ្រាតឈានចូលថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្នូរកាំភ្លើងបានផ្ទុះឡើងជាលើកទី ៣ នៅកណ្តាលក្រុងសៀមរាប ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ នៅចំនុចមុខភោជនីយដ្ឋាន ធីមផល (Temple) ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

សាក្សីនៅកន្លែងកើតហេតុឈ្មោះ វ៉ន សុវណ្ណ ជាមេការនៅហាង ធីមផល ក្លឹប (Temple Club) បានឲ្យដឹងថា ជនរងគ្រោះកំពុងតែអង្គុយផឹកស៊ីជាមួយមិត្តភក្តិ ស្រាប់តែពេលនោះមានជនដៃដល់មិនស្គាល់អត្តសញ្ញាណជិះចំនួនម៉ូតូ ២ គ្រឿង មកឈប់នៅពីមុខហាង រួចក៏ទាញកាំភ្លើងបាញ់សំដៅមកលើជនរងគ្រោះចំនួន ២ គ្រាប់ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ និងបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងអង្គុយនៅក្នុងហាង ។ប្រភពបន្តថា ក្រោយពីបាញ់រួចជនដៃដល់បានជិះម៉ូតូគេចខ្លួនបាត់។

ចំណែកសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះនេះ គឺបណ្តាលឲ្យបុរសម្នាក់រងបួសធ្ងន់ ជនរងគ្រោះឈ្មោះ ភាព ប៊ុណ្ណារឹទ្ធ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងភ្លើង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវរបួសចំក្រោមក្លៀកខាងឆ្វេង ១ គ្រាប់ រងរបួសធ្ងន់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។សមត្ថកិច្ចបន្តថា ករណីនេះ ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្វែងរកចាប់ខ្លួនជនដៃដល់បានហើយ និងកំពុងតែធ្វើការសាកសួរ ។សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជាអំពើហិង្សា វាយទៅវាយមកឈានដល់ការប្រើអាវុធបាញ់តែម្តង ដោយសារវាយប៉ូលិស ១ ដប មុនហើយប៉ូលិសក៏បាញ់វិញទៅ។ ប្រភពបានឲ្យដឹងថា ភាគីទាំងពីរមានទំនាស់ករណីហិង្សាក្នុងកន្លែងផឹកស៊ីដោយមូលហេតុ ភាគីម្ខាងទៀតនោះមានគ្នាច្រើន ហើយប៉ូលិសមានគ្នាតិចគេវាយមកលើប៉ូលិសមុន ដោយគ្នាគេច្រើនប៉ូលិសក៏បានបាញ់ការពារខ្លួនតែម្ដងទៅ។ ប្រភពបន្តថា ជនដៃដល់ជានគរបាលអន្តរាគមន៍ រហ័សនាម “៦២” ឈ្មោះ សៅ សុភណ្ឌ ។ករណីនេះគេនៅមិនដឹងពីចំណាត់ការបន្តនៅឡើយទេដោយរង់ចាំមើលថ្នាក់លើជាអ្នកសម្រេចដោយទុកលទ្ធភាពឲ្យស៊ើបអង្កេតសិន។ ទោះយ៉ាងណាក្តី មហាជនរង់ចាំមើលពីចំណាត់ការរបស់សមត្ថកិច្ចខេត្តសៀមរាប ថាតើមានវិធានការផ្លូវច្បាប់យ៉ាងណាចំពោះជនដៃដល់ដែលជាអ្នកបាញ់បោះសេរី។

លោកឧត្តមសេនីយ៍ត្រី តេង ចន្ទណាត ស្នងការនគរបាលខេត្តសៀមរាប មិនអាចសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកានេះ ជុំវិញករណីមន្ត្រីនគរបាលម្នាក់បាញ់ពលរដ្ឋនៅកន្លែងផឹកសុីខាងលើ៕ដោយ÷វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម