សៀមរាប៖កាលពីវេលាម៉ោង២១:៣០នាទីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋល្អនៅក្នុងមូលដ្ឋាន កម្លាំងផ្នែកការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានធ្វើការពួនស្ទាក់ និងឃ្លាំមើល សកម្មភាពមុខសញ្ញាសង្ស័យ ករណីរក្សាទុក ចាត់ចែង និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុច ភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជាក់ស្តែងកម្លាំងចម្រុះនៃអធិការដ្ឋានស្រុកបាគង បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ភ្លាមៗដើម្បីសួរនាំ ជនសង្ស័យទី១.ឈ្មោះ ដារ៉ា ខាន់យ៉ា (ហៅ ប៊ឹប) ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប (ករណីរក្សាទុក ចាត់ចែង និងប្រើប្រាស់) មានសារធាតុញៀនក្នុងខ្លួន និងទី.២ ឈ្មោះ ទី លីហេង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប (ករណីសមគំនិតនិងប្រើប្រាស់) មានសារធាតុញៀនក្នុងខ្លួន។ ខណះពេលកម្លាំងចម្រុះធ្វើការឃាត់ខ្លួនជនសង្ស័យ ០២ នាក់ខាងលើ ក៏បានធ្វើការឆែកឆេរលើខ្លួនជនសង្ស័យ ដោយរកឃើញម្សៅក្រាមពណ៌.ស ថ្លា សង្ស័យថាជាគ្រឿងញៀន ចំនួន ០១ កញ្ចប់តូច ក្នុងហោប៉ៅខោ និងចំនួន ០៦ កញ្ចប់ តូចទៀតច្រកក្នុងថង់ប្លាស្ទិក ដែលជនសង្ស័យបានបោះចោលទៅក្រោមបង្កាន់ដៃស្ពានក្អែក។
ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋានស្រុកបាគងបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០១ នាក់ បន្ថែមទៀត ឈ្មោះ វឿន វិចិត្រ (ហៅ វ៉េវ) ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប មកសាកសួរនាំ និងឆែកឆេររកម្សៅក្រាមពណ៌.ស សង្ស័យថាជាគ្រឿងញៀន ចំនួន ០៥ កញ្ចប់ រួមទាំងថង់សម្រាប់វេចខ្ចប់មួយចំនួនទៀត។
វត្ថុតាងដែលបានដកហូតពីជនសង្ស័យទាំង ០៣ នាក់ ខាងលើនេះរួមមាន ម្សៅក្រាមពណ៌.ស ថ្លាសង្ស័យថាជាគ្រឿងញៀនសរុបចំនួន ១២ កញ្ចប់ ទូរស័ព្ទដៃចំនួន ០៣ គ្រឿង ថង់សម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៣ នាក់ ររួមនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលស្រុក សហការណ៍ជាមួយ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់៕ដោយ÷ សារឿន