Sunday, November 24, 2024
Header Banner

រត់គេចពីការត្រួតពិនិត្យច្បាប់ចរាចរណ៍ត្រូវបាននគរបាលឃាត់ខ្លួន ដោយសាររកឃើញគ្រឿងញៀនជាច្រើនកញ្ចប់

សៀមរាប៖ជនសង្ស័យម្នាក់បានជិះម៉ូតូគេចពីការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ហើយបានធ្លាក់ប្រឡាយទឹករួចត្រូវសមត្ថកិច្ចឃាត់ខ្លួនក៏ប្រទះឃើញគ្រឿងញៀនជាច្រើនកញ្ចប់រួមនិងវត្ថុតាងមួយចំនួនទៀត។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២១និង២០នាទីថ្ងៃទី ៥ខែវិច្ឆិកាឆ្នាំ២០២១ត្រង់ចំណុចរង្វង់មូលផ្លូវ៦០ម៉ែត្រ ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។


លោកឧត្តមសេនីយ៍ត្រីអ៊ុំ អមរា ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៦ខែវិច្ឆិកានេះថា ដោយទទួលបានការណែនាំពីសំនាក់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងការិយាល័យចរចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់គោលដៅត្រួតពិនិត្យនិងរឹតបន្តឹងច្បាប់ចរាចរណ៍នៅចំនុចលើដងផ្លូវខាងត្បូងរង្វង់មូលផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិបឹងដូន ប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកបន្តថា ជនសង្ស័យមានឈ្មោះ ចាន់ បូរ៉ាឌី ភេទប្រុស៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប(ពីបទរក្សាទុក ជួញដូរ និង ប្រើប្រាស់)(មានសារធាតុញៀននៅក្នុងខ្លួន)។លោកបន្ថែមថា ករណីនេះដែរដកហូតវត្ថុតាង៖+ម្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ០៨កញ្ចប់ ស្មើនឹងទម្ងន់ ៨៦,៩៩ ក្រាម(ទម្ងន់សុទ្ធ) +ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង+ទូរស័ព្ទដៃចំនួន០៣គ្រឿង+សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។


បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងទៅតុលាការទៅតាមផ្លូវច្បាប់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន២លើកមកហើយ នៅលើកនេះជាលើកទី៣ហើយ៕ដោយ÷ ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម