សៀមរាប÷ ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីចំណាស់ម្នាក់ដេកស្លាប់នៅលើផ្លូវមានរងរបួសពេញខ្លួន កាលពីវេលាម៉ោង០៥និង៣០នាទី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយផ្លូវក្រវ៉ាន់ក្រុង ស្ថិតនៅក្រុមទី៣ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្ត សៀមរាប ។
របាយសមត្ថកិច្ចបានអោយដឹងថា សាកសពស្ត្រីជនរងគ្រោះឈ្មោះ មាឃ សាវ៉ាន ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅក្បែរទីតាំងកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ឈ្មោះ អ៊ុំ សុវាសនា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី (អតីតប្តី) បានឲ្យដឹងថា ពួកគាត់បានរៀបការនៅឆ្នាំ១៩៩៨ មានកូនចំនួន០២នាក់ រស់នៅភូមិវត្តបូព៌ ឃុំសាលាកំរើក ស្រុក-ខេត្តសៀមរាប តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៣ ។បន្ទាប់មកពួកគាត់បានមកទិញដីខាងក្រោយការ៉ាស់សាំងយីហោ ប៉ាប៉ា នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ចាប់តាំងពីពេលនោះមកប្រពន្ធរបស់គាត់បានក្លាយជាមនុស្សមានសតិមិនល្អ ធ្លាប់ព្យាបាលដែរ តែមិនបានធូរស្បើយ។ ដោយការរស់នៅនិយាយមិនស្តាប់គ្នា គាត់ក៏បានលែងលះគ្នា ដោយកូនទាំងពីរ គឺរស់នៅជាមួយប្រពន្ធ។ នៅឆ្នាំ២០១៦ គាត់ក៏បានរៀបការប្រពន្ធមួយទៀតនៅខេត្តត្បូងឃ្មុំ តែគាត់ក៏បានត្រឡប់មករកស៊ីដឹកភ្ញៀវនៅខេត្តសៀមរាបវិញតែម្នាក់ឯង ដោយរស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រហូតដល់ឆ្នាំ២០១៩ ។ពេលនោះគាត់តែងតែមកជួយមើលប្រពន្ធដើមជាញឹកញាប់ ព្រោះអាណិតដែលតែងតែឃើញប្រពន្ធដើរសុំទាន និងដើរស្ទូចត្រី ដើម្បីធ្វើម្ហូប ហើយទោះបីគាត់ខំណែនាំឱ្យឈប់ដើរសុំទាន ព្រោះថាមានឡានម៉ូតូច្រើនជិះលឿនៗណាស់ខ្លាចគ្រោះថ្នាក់ចរាចរណ៍ តែយ៉ាងណាក៏ដោយ ក៏ប្រពន្ធមិនស្តាប់ដែរ ។មុនថ្ងៃកើតហេតុនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០ នាទីព្រឹក គាត់បានមកជួយមើលសំអាតផ្ទះ និងឱ្យលុយចំនួន ២ម៉ឺនរៀលដើម្បីទិញម្ហូប ហើយនៅម៉ោង០៩.០០នាទីព្រឹកថ្ងៃដដែល គាត់ក៏ត្រឡប់ទៅផ្ទះវិញ។ លុះព្រឹកម៉ោង០៧និង០០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានបរុសម្នាក់ឈ្មោះ ផៃ ជាអ្នករស់នៅក្បែរផ្ទះប្រពន្ធដើមរបស់គាត់ បានទូរសព្ទមកប្រាប់ថា ប្រពន្ធគាត់បានស្លាប់លើផ្លូវដែលគាត់តែងតែទៅអង្គុយសុំទាន និងស្ទូចត្រី ភ្លាមនោះគាត់ក៏មកដល់កន្លែងកើតហេតុ ពិតជាឃើញប្រពន្ធដើមរបស់គាត់ដេកស្លាប់ពិតមែន ។
ក្រោយពីក្រុមគ្រូពេទ្យធ្វើកោសលវិច្ច័យរួច សមត្ថកិច្ចបានអោយដឹងថា សាកសព ផ្នែកក្បាលខាងឆ្វេង មានស្នាមបែក ១ កន្លែង ដាច់រយាស់ ប្រវែង ២.៥សម ស្នាមបែកក្បាលលើចិញ្ជើមខាងស្តាំ ១ កន្លែង មានប្រវែង ២សម ស្នាមបែកក្បាលចំពីលើ ១ កន្លែង ទំហំប៉ុនមេដៃ និងបាក់ឆ្អឹងក ផ្នែកដងខ្លួន មានស្លាកស្នាមរបួសកោសទ្រូងខាងឆ្វេង និងផ្នែកគ្រប់អវ:យវៈ មានស្លាកស្នាម បាក់ឆ្អឹងដើមដៃខាងឆ្វេង ១ កំណាត់ ។សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៌ (ដោយជនរងគ្រោះមានសតិមិនល្អ) ពិតប្រាកដមែន ។ហើយអតីតប្តីជនរងគ្រោះខាងលើ គាត់បានទទួលស្គាល់ថា ការស្លាប់របស់ប្រពន្ធគាត់ ដោយមានសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យកោសល្យវិច័យខេត្តសៀមរាប បានចូលរួមពិនិត្យសព ហើយឃើញថា ករណីខាងលើនេះ គឺស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន ដោយរថយន្តមិនស្គាល់អត្តសញ្ញាណ ហើយរូបគាត់ជាអតីតប្តីសុំមិនប្តឹងផ្ដល់អ្វីនោះទេ ដោយករណីនេះមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ នឹងឃាតកម្មណាមួយឡើយ។
ក្រោយពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ ពិនិត្យ និងធ្វើរបាយការណ៍ហើយ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ÷ ភារះ