Sunday, November 24, 2024
Header Banner

អ្នកទោស០៧នាក់ វៃទម្លុះជញ្ជាំងគុក រួចរត់គេចខ្លួនបាត់ ទោះបីឆ្មាំគុកផ្ទុះអាវុធចំនួន៤គ្រាប់គម្រាមក៏ដោយ

ខេត្ត​ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ អ្នកទោសចំនួន ០៧ នាក់ នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង បានលួចហែកគុករត់គេចខ្លួន​ កាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា។​

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានថ្លែង​ឱ្យ​ដឹង​ថា​ អ្នកទោសទាំង​០៧នាក់ បានវៃទម្លុះជញ្ជាំងគុក រួចរត់គេចខ្លួន ពួកគេទាំងនោះ មានទោសភាគច្រើនជាមួយគ្រឿងញៀន ហើយលោកស្នងការ បានបន្តថា​ មន្ត្រីអនុរក្សពន្ធនាគារដោយដឹងថាមានអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន បានប្រើប្រាស់អាវុធបាញ់ចំនួន៤គ្រាប់ដើម្បីគម្រាមបញ្ឈប់សកម្មភាពរត់គេច តែមិនអាចរារាំងបាននោះទេ។ បេី​តាមការពិនិត្យទីតាំងជាក់ស្តែងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយភួយ ដើម្បីខ្ទប់វាយមិនឱ្យលឺសំឡេង។

លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បានឱ្យដឹងដែរថា ក្នុងចំណោមអ្នកទោសទាំង ០៧ នាក់ មានម្នាក់ត្រូវកាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន និង០៦ នាក់ ទៀតជាប់ទោសស្រាល ក្នុងករណីជួញដូរគ្រឿងញៀន និងបទលួចមានស្ថានទម្ងន់ទោស ។

ខណៈ​នេះកម្លាំងនគរបាលពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែនបានសហការគ្នា ដើម្បីស្រាវជ្រាវតាមចាប់អ្នកទោសទាំងនោះមកវិញ៕ ដោយ÷ រស្មី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម