Sunday, November 24, 2024
Header Banner

ថ្មីៗនេះ ០៣ករណី បាញ់បោះសេរី នៅក្នុងក្រុងសៀមរាបដូចគ្នា តែមានអ្នករួចខ្លួន និងមានអ្នកជាប់ឃុំ

សៀមរាប៖នៅដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ មានករណីផ្ទុះអាវុធដល់ទៅ៣ដង គឺនៅថ្ងៃទី០១ ទី០៣ និងទី០៥ ដោយកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តែត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនតែមន្ត្រីនគរបាលម្នាក់ រីឯជនបង្ក០២នាក់ទៀត ជានាយអាវុធហត្ថម្នាក់ និងនាយទាហានម្នាក់ មិនត្រូវបានឃុំខ្លួននោះឡើយ។

នៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២១នេះ មន្ត្រីតុលាការខេត្តសៀមរាប បានថ្លែងប្រាប់សារព័ត៌មាន សៀមរាបថែមស៍ ឲ្យដឹងនៅល្ងាចនេះថាតុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់ រីឯនាយអាវុធហត្ថម្នាក់និងនាយទាហានម្នាក់ មិនត្រូវបានឃុំខ្លួននោះទេ ដោយឃើញតែសំណុំរឿងចូលមកប៉ុណ្ណោះ។

គួររម្លឹកថា ករណីបាញ់បោះទី១គឺ បង្កឡើងដោយឈ្មោះ អាង សែន (ហៅ ចិត្រ) នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប។កើតហេតុនៅវេលាម៉ោង២៣ និង០៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចទីតាំងការ៉ាស់សាំង សូរិយា ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយសារទំនាស់ក្នុងវង់ផឹកស៊ី បណ្តាលឲ្យរបួសមនុស្សម្នាក់។ ករណីទី២៖ ករណីផ្ទុះអាវុធ ត្រង់ចំណុចមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប នៅវេលាម៉ោង ២២ និង ០០នាទីយប់ ឈានចូលថ្ងៃទី ០៣ខែវិច្ឆិកាឆ្នាំ២០២១ដែលបង្កឡើងដោយ ឈ្មោះ កែវ វី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាទាហ៊ានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ជាភ្ញៀវចូលមកផឹកស៊ីក្នុងហាង ស្នាដៃម៉ែក្មែក ៥ ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តី ជាមួយនារីជាសង្សារ នៅពេលចេញមកមុខហាង កន្លែងចតម៉ូតូ ជនសង្ស័យ បានធ្វើសកម្មភាព ដកកាំភ្លើងខ្លីម៉ាក G Lock ១៩ ពីចង្កេះ បាញ់ផ្ទុកដី ០១គ្រាប់ រួចត្រូវសមត្ថកិច្ចហៅមកសួរនាំហើតបញ្ជូនសំណុំរឿងទៅតុលាការ។ ករណីទី៣៖កើតហេតុនៅម៉ោង៣ទៀបភ្លឺរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ ចំនុចមុខភោជនីយដ្ឋាន ធីមផល (Temple) ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបង្កឡើងដោយមន្ត្រីនគរបាលម្នាក់ឈ្មោះ សៅ សុភណ្ឌ។សមត្ថកិច្ចនិយាយថា ករណីនេះជាអំពើហិង្សា ជនរងគ្រោះមួយក្រុមស្រវឹងទាញដបស្រាបៀ មកវាយចំក្បាលមន្ត្រីនគរបាលមុន ទើបកើតជាកំហឹងផ្ទុះបែបនេះ។ រីឯប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ករណីទាំង៣ខាងលើ គឺត្រូវបានភាគីជនបង្កបានសារភាពកំហុស និងបានសុំទោសព្រមទាំងសងជម្ងឺចិត្តដល់ជនរងគ្រោះផងដែរ។តែច្បាប់គឺជាច្បាប់មិនអាចលើកលែងបានឡើយគ្រាន់តែទោសទាំងនោះមានធ្ងន់ និងស្រាលប៉ុណ្ណោះ។

មហាជនដែលតាមដានករណីបាញ់បោះសេរីខាងលើនេះបានលើកឡើងថា មន្ត្រីនគរបាលបាញ់ ត្រូវជាប់ពន្ធនាគារ រីឯមន្ត្រីអាវុធហត្ថម្នាក់ និងមន្ត្រីយោធាម្នាក់ទៀត ដែលបាញ់បោះដូចគ្នានោះ គឺមិនត្រូវបានជាប់ពន្ធនាគារគឺជារឿងមួយគួរវែកញែកអោយច្បាស់ថែមទៀតផងដែរ។

បន្ទាប់ពីកើតមានករណីបាញ់បោះសេរីនៅក្រុងសៀមរាប នាដើមខែវិច្ឆិកា នេះ ថ្នាក់ដឹកនាំនៃកងកម្លាំងនៃខេត្តសៀមរាប បានប្រជុំណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យយល់ដឹងពីច្បាប់ទម្លាប់ និងបន្ថែមកម្លាំងល្បាតតាមគោលដៅដើម្បីរក្សាសន្តិសុខសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងពលរដ្ឋ ឲ្យមានភាពកក់ក្តៅឡើងវិញ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម