ខេត្តឧត្ដរមានជ័យ÷ ប្រជាពលរដ្ឋប្រុសស្រីចំនួន ១០នាក់ ដែលបម្រុងលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់តាមច្រករបៀង ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការឃាត់ខ្លួននៅវេលាម៉ោង ០៨:៣៧នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងកើតអូរទី២ ក្នុងភូមិសាស្រ្តប៉ុស្តិ៍អណ្ដែតមុត UA(៥៦៥០០-៩៤៨៣៦) ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
តាមរបាយការណ៍បានអោយដឹងថា ពលរដ្ឋដែលឃាត់ខ្លួនទាំង១០នាក់ខាងលើ (មានស្រីចំនួន០៤ នាក់) ពួកគេមកពីស្រុកអង្គរជុំ ខេត្តសៀមរាប និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបម្រុងលួចឆ្លងដែនតាមច្រករបៀងចូលទៅប្រទេសថៃ បំណងដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញចុះជួបធ្វើការណែនាំអប់រំដោយផ្ទាល់ ចំពោះពលរដ្ឋទាំង១០ នាក់ខាងលើនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តឧត្តរមាបជ័យតែម្តង។ ក្រោយធ្វើកិច្ចសន្យារួចហើយ ពលរដ្ឋទាំងនោះត្រូវបានអនុញ្ញាតឱ្យវិលត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕ ដោយ÷ វាយោ