សៀមរាប៖ នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១ម្សិលមិញនេះ អាជ្ញាធរមូលដ្ឋាននៃក្រុងសៀមរាប និងអាជ្ញាធរជាតិអប្សរា បានចុះមកពិនិត្យនិងរកដំណោះស្រាយជូនពលរដ្ឋដែលរស់នៅអាស្រ័យផលនៅមាត់ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។
ក្នុងចំណោមពលរដ្ឋដែលរស់នៅអាស្រ័យផលនៅមាត់ត្រពាំងហែផ្កា មានដូចជាឈ្មោះហៃ យ៉ៃ, យឿម នួន, ជា ឆែប បានលើកឡើងស្រដៀងគ្នាថា ពលរដ្ឋដែលបានមកជួបជាមួយអាជ្ញាធរថ្ងៃនេះ គឺក្នុងគោលបំណងស្នើសុំឲ្យអាជ្ញាធរជួយសម្រួលចំនួន៤ ចំណុច រួមមាន÷ ទី១.សុំឲ្យអាជ្ញាធរជួយរកទីតាំងដល់ពលរដ្ឋចំនួន៦គ្រួសារដែលកំពុងរស់នៅក្នុងត្រពាំង, ទី២.រក្សាដីទួលនៅដដែល, ទី៣.ស្តារត្រពាំងអោយមានស្តង់ដារ, ទី៤.ពេលស្តារត្រពាំងសូមអជ្ញាធរជួយធ្វើផ្លូវអៅយបានល្អផង។ ហើយពលរដ្ឋដដែលថា ពួកគាត់ពិតជាមានការត្រេកអរយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំចុះមកសួរសុខទុក្ខនិងរកដំណោះស្រាយជូនពួកគាត់ដោយផ្ទាល់ ព្រោះកន្លងទៅពួកគាត់តែងតែភ័យខ្លាចជាប្រចាំ។
រីឯអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា ក្រុមការងារបានចុះមកណែនាំឲ្យខាងគ្រឿងចក្រជីកស្តារត្រពាំងបុរាណនេះទៅតាមច្បាប់កំណត់ និងកុំឲ្យខុសច្បាប់។
អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បានមានប្រសាសន៍ថា ជុំវិញករណីនេះ អាជ្ញាធរពាក់ព័ន្ធបានចុះមកសួរសុខទុក្ខនិងពន្យល់ដល់ពលរដ្ឋដែលរស់នៅជុំវិញត្រពាំងហែផ្កា។ លោកបន្តថា ការចុះមកដោះស្រាយនោះគឺទី១. ចុះសម្របសម្រួលអោយក្រុមហ៊ុនបានដំណើរការជីកស្តារទៅតាមអាជ្ញាប័ណ្ណ, ទី២.ចុះពិនិត្យផលប៉ះពាល់ជាក់ស្តែងនៃការរស់នៅរបស់ពលរដ្ឋដែលរស់នៅលើមាត់ត្រពាំង និងទី៣.បន្ទាប់ពីជីកស្តាររួចគឺមិនមានប្រគល់ឲ្យក្រុមហ៊ុនណាមួយចុះមកអភិវឌ្ឍន៍នោះទេ គឺអាជ្ញាធរប្រគល់ជូនសហគមន៍ភូមិនេះមករកចំណូលមកអភិវឌ្ឍន៍ដោយខ្លួនឯងផ្ទាល់។ លោកបញ្ជាក់ថា រាល់សំណូមពររបស់ពលរដ្ឋលោកនឹងយកទៅជំរាបជូនឯកឧត្តមអភិបាលខេត្ត ពិនិត្យនិងសម្រេច ហើយពេលបានលទ្ធផលលោកព្រមទាំងក្រុមការងារនឹងមកជម្រាបដល់ពលរដ្ឋឲ្យបានជ្រាប។ជាចុងក្រោយលោកបានសំណូមពរឲ្យពលរដ្ឋកុំមានការព្រួយបារម្មណ៍ចំពោះរឿងស្តារត្រពាំងនេះ ព្រោះអាជ្ញាធរតែងតែយកចិត្តទុកដាក់នឹងគិតគូរពីការលំបាករបស់ពលរដ្ឋជានិច្ច។ លោកក៏រពឹងទុកថា បន្ទាប់ពីស្តារត្រពាំងនេះរួច អាចនឹងមានភ្ញៀវទេសចរណ៍មកកម្សាន្តច្រើន ហើយពលរដ្ឋក្នុងភូមិនេះ នឹងមានជីវភាពកាន់តែប្រសើរឡើង។
សូមរម្លឹកថា កន្លងទៅពលរដ្ឋដែលរស់នៅមាត់ត្រពាំងហែផ្កា បាននាំគ្នាតវ៉ា និងផ្តិតមេដៃ សុំឲ្យថ្នាក់ដឹកនាំមេត្តាជួយរកដំណោះស្រាយដល់ពួកកាត់ផង ព្រោះគ្រានោះមានការលើកឡើងថា ក្រុមឈ្មួញបានជីកកាយដីត្រពាំងយកទៅលក់ ដីខ្នងត្រពាំងក៏ត្រូវបានឈ្មួញលក់ដែរ។ ក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរបានចុះមកពន្យល់ប្រាប់ពីគោលបំណងរបស់អាជ្ញាធរ ជូនពលរដ្ឋស្តាប់។អាជ្ញាធរនិងពលរដ្ឋបានឯកភាពគ្នាក្នុងការចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យមានការរីកចម្រើន៕ដោយ÷ភក្តី