សៀមរាប៖មានហេតុការណ៍បង្កភ្ញាក់ផ្អើលទៀតហើយ គឺដោយសារតែម្ចាស់«សណ្ឋាគារ ស្ទឹងសៀមរាប» បានឲ្យជាងវាយរបងវត្តនិងដាក់ម៉ាស៊ីនភ្លើងក្នុងវត្តដែលធ្វើឲ្យប៉ះពាល់ដល់ការសមាធិរបស់ព្រះសង្ឃនិងឧបាសក ឧបាសិកា។ ការប្រតិកម្មនេះបានកើតឡើងជារៀងរាល់ថ្ងៃសីលដែលព្រះសង្ឃនិងពុទ្ធបរិស័ទកំពុងធ្វើសមាទានសីលនៅក្នុងវត្ត។
ព្រះតេជគុណព្រះនាម តង់ តន ចៅគ្រូអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដីកាប្រាប់សារព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះថា ព្រះអង្គមិនថាអីទេ តែគណៈកម្មការវត្តនិងឧបាសក ឧបាសិកាចំណុះជើងវត្ត ស្នើសុំម្ចាស់សណ្ឋាគារ ស្ទឹងសៀមរាប មេត្តាជួយធ្វើរបងនោះឡើងវិញនិងជួយយកម៉ាស៊ីនភ្លើងចេញពីក្នុងវត្តវិញផង។
ទាក់ទិននឹងករណីនេះដែរ អ្នកយកព័ត៌មាន បានព្យាយាមទាក់ទងទៅម្ចាស់ «សណ្ឋាគារស្ទឹងសៀមរាប» ជាច្រើនដងប៉ុន្តែទូរស័ព្ទរបស់គាត់នៅក្រៅតំបន់សេវា។
លោក វណ្ណា ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប មិនអាចទាក់ទងតាមទូរស័ព្ទបានទេនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកានេះដោយហៅចូលច្រើនដងតែគ្មានអ្នកទទួល។
ជុំវិញករណីនេះដែរ លោកហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទឲ្យដឹងថា ករណីនេះលោកនៅមិនទាន់ដឹងនៅឡើយទេ។ប៉ុន្តែលោកនឹងឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលជាបន្ទាន់ផងដែរ។
សូមបញ្ជាក់ផងដែរថា សណ្ឋាគារស្ទឹងសៀមរាប មានទីតាំងស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាប់ជាមួយនឹងរបងវត្តព្រះព្រហ្មរ័ត្ន មហាជនរង់ចាំមើលថា តើអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាប អាចនឹងមានវិធានការយ៉ាងណាចំពោះម្ចាស់សណ្ឋាគារខាងលើ ព្រោះរបងវត្តគឺតែមានសប្បុរសជននានាជួយកសាងនឹងដាក់ឈ្មោះ តែពេលនេះរបងវត្តត្រូវបានគេធ្វើផ្ទះថ្មព័ទ្ធជុំវិញវត្ត គ្មានអ្នកណាម្នាក់អាចមើលឈ្មោះខ្លួនឯងជាអ្នកកសាងនោះបានឡើយ៕ដោយ÷ ភក្តី