Sunday, November 24, 2024
Header Banner

ឆេះក្លឹប “អេលីត” កណ្តាលក្រុងសៀមរាប បណ្តាលឲ្យមនុស្សចំនួន ៣នាក់ស្លាប់ និងរបួសធ្ងន់ធ្ងរម្នាក់ ខណះទើបបើកឡើងវិញនាយប់ដំបូង

សៀមរាប៖ ហេតុការណ៍ឆ្លងចរន្តអគ្គិសនីនៅក្នុងអាគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី បណ្តាលឲ្យថប់ដង្ហើមស្លាប់មនុស្សចំនួន ០៣នាក់ និងរបួសធ្ងន់ម្នាក់កាលពីវេលាម៉ោង១៩និង៣០នាទី នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ និងបានរលត់ទៅវិញវេលាម៉ោង២២:៥០នាទី ដែលទីតាំងកើតហេតុគឺស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងធ្វើកោសល្យវិច័យ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ករណីឆេះអាគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋាន អេលីត ជាន់ក្រោមដី នេះបណ្តាលឲ្យរងការខូចខាត និងមានមនុស្សស្លាប់៣នាក់ ដែលជនរងគ្រោះទី១ ឈ្មោះ អ៊ឹង ស៊ឹម ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ រស់នៅភូមិ បន្ទាយឈើ សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹប អេលីត(ស្លាប់ខណះបញ្ជូនដល់មន្ទីរពេទ្យ)។ ជនរងទី២ ឈ្មោះ ធី មេសា (ហៅ ចិត្ត) ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ កន្ត្រក សង្កាត់ ស្វាយដង្គុំ មុខរបរ សន្តិសុខ ស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះទី៣ ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ ខ្នា សង្កាត់ជ្រាវ មុខរបរ អ្នកចំរៀង ស្លាប់នៅកន្លែងកើតហេតុ។ជនរងគ្រោះទី៤ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅបន្ទប់ជួលភូមិ តាភុល មុខរបរ DJ ក្លឹបអេលីត (កំពុងសង្គ្រោះបន្ទាន់នៅពេទ្យបង្អែកខេត្តសៀមរាប) ។

សមត្ថកិច្ចបានអោយដឹងទៀតថា ការពន្លត់ករណីឆ្លងចរន្តអគ្គីសនីខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការ ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន, រថយន្តរបស់អធិការក្រុង ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន, រថយន្តរបស់អាវុធហត្ថ ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន, រថយន្តរបស់បេតិកភណ្ឌ ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន, រថយន្តរបស់អាជ្ញាធរអប្សរា ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន និងរថយន្តរបស់អាកាសយានដ្ឋានសៀមរាប ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន។

ចំពោះម្ចាស់អាគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី ត្រូវបានស្គាល់ថាឈ្មោះ តោ សីហា ភេទប្រុសអាយុ៣៦ រស់នៅទីតាំងខាងលើ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ករណីនេះសមត្ថកិច្ចចម្រុះបានចុះរុករកជនរងគ្រោះនៅក្នុងក្លឹបអេលីត ទាំងយប់ ជាពិសេសេលោកទា សីហា អភិបាលខេត្តសៀមរាបវិញ បាននៅរង់ចាំតាមដានមើលលទ្ធផលដែលសមត្ថកិច្ចកំពុងរុករកទាំងយប់ផងដែរ ។លោកបន្តថា លទ្ធផលរុករកទាំងយប់ គឺរកឃើញមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ ហើយថ្នាក់ដឹកនាំនៃខេត្តសៀមរាប ពិតជាមានការសោកស្តាយចំពោះគ្រោះអគ្គិភ័យនេះយ៉ាងខ្លាំង។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវនៅទីតាំងខាងលើនិងធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ។លោកបន្តថា ចំពោះវិធានការបន្តយ៉ាងណានោះសមត្ថកិច្ចសុំធ្វើការសិន៕ ដោយ÷ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម