សៀមរាប÷ នៅវេលាម៉ោង ៧និង០០ នាទីព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០២១ មានករណីបង្កអោយមានការភ្ញាក់ផ្អើលមួយ ដោយមានកម្មករធ្វើផ្លូវម្នាក់ត្រូវរថយន្តដឹកកៅស៊ូចាក់ផ្លូវ កិនស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុខណះកំពុងធ្វើគំនូសផ្លូវ ត្រង់ចំណុចផ្លូវ០០៦ ជាប់ខាងជើងរបងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំក្រុង-ខេត្តសៀមរាប។
ប្រភពពីនគរបាលមូលដ្ឋានបានប្រាប់អ្នកសារព័ត៌មានថា ក្នុងឧប្បត្តិហេតុរថយន្តធុនធំកិនកម្មករធ្វើផ្លូវជាមួយគ្នាបានបណ្តាលអោយស្លាប់ម្នាក់ឈ្មោះ ស្រី តូច ភេទប្រុស អាយុ ៤៦ រស់នៅ ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកអ្នកបើកបររថយន្តធុនធំដឹកកៅស៊ូចាក់ផ្លូវដែលមានផ្លាកលេខ បន្ទាយមានជ័យ3A- 1929 រត់គេចខ្លួនបាត់។ ប្រភពបន្តថា តៃកុងឡាននិងសពជនរងគ្រោះគឺជាអ្នកធ្វើការសាងសង់ផ្លូវជាមួយគ្នា នៅទីតាំងខាងលើ។
ពេលនេះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនបង្កឱ្យចូលមកដោះស្រាយទៅតាមផ្លូវច្បាប់ ព្រោះសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណហើយ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញយកទៅតក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ភក្តី