សៀមរាប ៖សូមបន្តប្រុងប្រយ័ត្ន….អ្នកបើកម៉ូតូម្នាក់បានស្លាប់និង របួសធ្ងន់ម្នាក់ដោយសារបើកម៉ូតូពេលយប់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគោយន្តកែច្នៃដែលចតកំពុងចតចោល។ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង ១៩និង១០នាទីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួកបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកហុងដាក្លិច ពាក់ស្លាកលេខសៀមរាប 1AF 9322 បើកបរដោយឈ្មោះប៉ក់ ជើប ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិចាន់តាសាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប (ពាក់មួកសុវត្ថិភាព) ដឹកឈ្មោះនុប ថៃសាន់ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប (គ្មានមួកសុវត្ថិភាព) បើកបរទិសដៅពីលិចទៅកើត បានបុកនឹងគោយន្តកែឆ្នៃ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ រិន រើយ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំពួក ស្រកពួក ខេត្តសៀមរាប ឈប់នៅជាយផ្លូវខាងត្បូងក្បាលទៅទិសខាងកើត។
ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់។លោកបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្សឈ្មោះ ប៉ក់ ជើប របួសធ្ងន់មនុស្សម្នាក់ ឈ្មោះ នុប ថៃសាន់ ហើយមូលហេតុនៃគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
លោកបញ្ជាក់ថា ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញបានចុះទៅវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសពរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានស្រុកពួកដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ÷ ភក្តី