Sunday, November 24, 2024
Header Banner

កម្លាំងសមត្ថកិច្ចចម្រុះចុះអនុវត្តដីកាសម្រេចរក្សាការពារមិនបានជោគជ័យដោយសារផ្ទុះការតវ៉ាច្រើន

សៀមរាប៖ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២១ ខណះកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយអាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានចុះអនុវត្តដីកាសម្រេចរក្សាការពារ មិនបានជោគជ័យដោយសារប្រជាពលរដ្ឋផ្ទុះការតវ៉ាច្រើន ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

តំណាងពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះ បានលើកឡើងថា ពួកគាត់ជាពលរដ្ឋរស់នៅលើដីនេះជាច្រើនឆ្នាំមកហើយដែលមានពលរដ្ឋសរុបចំនួន១០៤គ្រួសាររស់នៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ពួកគាត់បន្តថា លោកយាយម្តេចក៏មានដីច្រើនយ៉ាងនេះសម្រាប់កសាងវត្ត ហើយដីវត្តក៏មិនត្រូវធំដល់ថ្នាក់នេះដែរគឺរហូតដល់ជិត៥០ហិចតា។គាត់ស្នើសុំឲ្យតុលាការមេត្តាពិនិត្យមើលឲ្យបានត្រឹមត្រូវមុននឹងសម្រេច។ពលរដ្ឋបន្តថាពួកគាត់មិនសុខចិត្តទេប្រសិនបើតុលាការសម្រេចឲ្យរុះរើផ្ទះចេញពីទីតាំងខាងលើនេះព្រោះពួកគាត់ជាអ្នករស់នៅក្នុងដីនេះជាច្រើនឆ្នាំមកហើយ។ពួកគាត់ស្នើសុំឲ្យតុលាការមេត្តាជួយរកយុត្តិធម៌ឲ្យពួកគាត់ផង។

លោកយាយទៀង សុធម្មរិទ្ធិ អាយុ៦០ឆ្នាំ ជាដូនជីស្នាក់នៅវត្ត វិសុទ្ធមគ្គ បានមានប្រសាសន៍ថា លោកយាយបានទិញដីនេះមានច្បាប់ទម្លាប់ត្រឹមត្រូវជាច្រើនឆ្នាំមកហើយ។ លោកយាយបន្តថា គាត់ទិញដីនេះគឺដើម្បីអភិវឌ្ឍន៍ និងបានជួយដល់កុមារកំព្រា, ចាស់ជរានិងជួយដល់ព្រះសង្ឃដែលចង់រៀនសូត្រផងដែរ។ លោកយាយសំណូមពរឲ្យតុលាការជួយពន្លឿនរឿងក្តីនេះផង។

លោក ឡុង សារ៉ាត់ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប ដែលទទួលបន្ទុកអនុវត្តដីកាសម្រេចការពារ បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី១០ខែធ្នូឆ្នាំ២០២១នេះថា លោកបានចុះទៅដល់ទីតាំងនៃការអនុវត្តជាកិច្ចចាប់ផ្តើម លោកបានអានដីកាសម្រេចរក្សាការពារលេខៈ២១៤ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តសៀមរាប។បន្ទាប់មកអាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានស្នើឲ្យមន្ត្រីជំនាញភូមិបាលស្រុក អង្គរធំ ចុះធ្វើការវាស់វែងព្រំដីជាក់ស្តែងតាមការចង្អុលបង្ហាញរបស់ម្ចាស់បំណុលនៃការអនុវត្ត និងមានការចូលរួមពីសហកូនបំណុលនៃការអនុវត្ត ដើម្បីកំណត់នូវទីតាំងនៃវិវាទនោះ។ លោកបន្ថែមថា ជាកិច្ចបណ្ដោះអាសន្នសិន ដើម្បីពិនិត្យឯកសារដែលពាក់ព័ន្ធនឹងសំណុំរឿងអនុវត្ត។ចំពោះកាលបរិច្ឆេទនៃការអនុវត្ត អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប នឹងធ្វើការជូនដំណឹងនៅពេលក្រោយ។ ក្រោយពីបានចុះវាស់វែងកំណត់ព្រំរួចរាល់ហើយ សហកូនបំណុលនៃការអនុវត្ត និងប្រជាពលរដ្ឋមិនព្រមអនុវត្តដោយស្ម័គ្រចិត្តតាមអំណាចដីកាសម្រេចរក្សាការពារខាងលើឡើយ។ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋចូលទៅតាមផ្ទះរបស់ខ្លួន ដើម្បីចុះស្រង់ស្ថិតិចំនួនគ្រួសារជាក់ស្តែងដែលមាននៅលើដីដែលជាកម្មវត្ថុនៃការអនុវត្ត និងដើម្បីពិនិត្យឯកសារនានារបស់ប្រជាពលរដ្ឋដែលមកតវ៉ាផងដែរ។

មន្ត្រីជំនាញភូមិបាលស្រុកអង្គរធំ បន្ទាប់ពីបានចុះស្រង់ស្ថិតិពីតាមគ្រួសារនីមួយៗរួចរាល់មក ឃើញថា មានប្រជាពលរដ្ឋរស់នៅជាក់ស្ដែងមានចំនួន ៩២គ្រួសារដែលរស់នៅលើដីនេះតែប៉ុណ្ណោះ។

លោកចាន់ ឫទ្ទិ ប្រធានសមាគមឃ្លាំមើលដីធ្លីប្រចាំខេត្តសៀមរាប បានឲ្យដឹងថា លោកមានការព្រួយបារម្ភចំពោះបញ្ហាដីធ្លីរបស់ពលរដ្ឋខាងលើ ព្រោះពលរដ្ឋសុទ្ធតែអ្នកមករស់នៅទីនេះយូរឆ្នាំមក ហើយដេការក្សាការពារនេះត្រូវបានពលរដ្ឋដឹងជំទាស់រួចហើយដែរ។

ពាក់ព័ន្ធនឹងករណីនេះដែរលោក សួស ណារិន មន្រ្តីសិទ្ធិមនុស្ស និងឃ្លាំមើលដីធ្លី អង្គការ អាដហុក ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះអាចមានហានិភ័យមួយសម្រាប់ពលរដ្ឋ ហើយសូមឲ្យតុលាការជួយដោះស្រាយបញ្ហានេះជូនពលរដ្ឋឲ្យបានសមរម្យនិងយុត្តិធម៌។ ព្រោះដីការក្សាការពារនោះគឺត្រូវបានពលរដ្ឋប្តឹងជំទាស់រួចហើយ មិនគួរឲ្យមានបុគ្គលខ្លះមករុះរើផ្ទះពលរដ្ឋដោយគ្មានច្បាប់ទម្លាប់នោះទេ៕ដោយ÷វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម