ឧត្ដរមានជ័យ÷ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨៖០០នាទីបានអញ្ជើញចូលរួមជាធិបតីនិងដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ លោកអធិការរង អជ្ញាធរដែនដី និងមន្ត្រីនៃអធិការរដ្ឋាន យ៉ាងច្រើនកុះករ ក្នុងពិធីរៀបចំសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវ នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវ ដែលនឹងកំពុងតែត្រៀមចាប់ផ្តើមសាងសង់ខាងលើមានទំហំ ៧ម៉ែត្រ គុណ ១២ម៉ែត្រ ធ្វើអំពីថ្ម គឺជាអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
ជាមួយគ្នានោះ លោកស្នងការ ក៏បានធ្វើការណែនាំបន្ថែមដល់ក្រុមជាងសាងសង់ឲ្យយកចិត្តទុកដាក់ក្នុងការសាងសង់ឲ្យស្របទៅតាមស្តង់ដារសំណង់ ដើម្បីធានាបាននូវគុណភាពរឹងមាំយូអង្វែង និងដើម្បីងាយស្រួលដល់កងកម្លាំងបំពេញការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋ ។សូមបញ្ជាក់ថា៖ រយះពេល១ឆ្នាំកន្លងមកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ដល់នូវអំណោយដ៍ថ្លៃថ្លា ដោយកសាងក្លោងទ្វា-របង អធិការដ្ឋានចំនួន០៣ រួមមាន៖ អធិការដ្ឋាននគរបាលក្រុងសំរោង អធិការដ្ឋាននគរបាលស្រុកអន្លង់វែង អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ហើយនិងបានកសាងក្លោងទ្វា-របង និងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើអំពីថ្ម ចំនួន ០៦ប៉ុស្តិ៍ផ្សេងទៀត រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់អន្លូង ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្អាវ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រីយ៍ ប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រសាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវ ។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ក៏បានកសាងក្លោងទ្វា-របង ប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន១៦ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ចំនួន០៣ កសាងក្លោងទ្វា-របង ទីបញ្ជាការដ្ឋាន ចំនួន០២ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និង ៩០៥ និងបានជួសជុលអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលទ្រុឌទ្រោមឲ្យក្លាយជាប៉ុស្តិ៍រឹងមាំ ចំនួន ០២ ផងទៀតដែរ៕ដោយ÷ភក្តី