សៀមរាប៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់នៅព្រឹត្តិការណ៍សហគមន៏២០កុម្ភ: កន្លងមកនោះ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តបានរៀបចំពិធីបួងសួងសុំសេចក្តីសុខសេចក្តីចំរើន ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តសៀមរាបតែម្តង ដោយពិធីបួងសួងនេះ បានប្រព្រឹត្តិទៅស្ថិតនៅបរិវេណលោកតារាជក្នុងប្រាសាទអង្គរវត្ត នៅព្រះអង្គគោកធ្លក និងព្រះអង្គងោក (បរិវេណប្រាសាទបាយ័ន) បន្ទាប់មកទៀតក៏បានបន្តនៅបរិវេណព្រះអង្គចេក ព្រះអង្គចម នៃសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវបានអញ្ជើញជាអធិបតី និងដោយមានការចូលរួមពី ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មន្តី្ររាជការ ស្ថាប័នពាក់ព័ន្ធនានា និងអង្គភាពជុំវិញខេត្តជាច្រើននាក់បានអញ្ចើញចូលរួមផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបូជាថ្វាយទៀនធូបផ្កាភ្ញី នឹងបួងសួងដល់វត្ថុស័ក្តិសិទ្ធគ្រប់ទិសទីនៅក្នុងតំបន់សម្បត្តិបីតិកភ័ណ្ឌជាតិដែលដូនតាយើងបានបន្សល់ទុកឲ្យកូនជំនាន់ក្រោយថែរក្សាទៅតាមទំនៀមទំលាប់បែបសាសនាជាដើម ហើយបន្ទាប់មកក៏មានកម្មវីធីសូត្រមន្តចម្រើនព្រះបរិត្តស្វាធាយធម៍ប្រោះព្រំសុំសិរីសួស្តីជ័យមង្គលវិមុលសុខគ្រប់ប្រការដល់ប្រជាពលរដ្ឋទូទាំងប្រទេស នឹងប្រគេននៅទេយ្យទានចំពោះព្រះសង្ឃមួយចំនួនដែរ។
ការប្រារព្ធពិធីនេះឡើងគឺក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាជនដែលរស់នៅក្នុងខេត្តសៀមរាប ចាប់ពីពេលនេះតទៅខេត្តសៀមរាបយើងអាចនឹងវិលត្រឡប់ទៅរកសភាពដើមវិញ ហើយខេត្តសៀមរាបក៏ជាខេត្តមួយដែលកំពុងតែកែប្រែមុខមាត់ថ្មីជាបណ្តើរៗ ស្របពេលដែលជម្ងឺកូវិដ-១៩ បានស្ងប់ស្ងាត់ផងដែរ។ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ជាពិសេសពីការយកទចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគោរពស្រឡាញ់ប្រណិបត្តិនូវព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនឹងរីកចំរើនជាដរាប់តរៀងទៅ៕ ដោយ ភារះ