ឧត្តរមានជ័យ÷ កាលពីវេលាម៉ោង ១៨:៣០នាទី ថៃ្ងទី២០ ខែធ្នូ ឆ្នាំ២០២១ មេខ្យល់ម្នាក់ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០២ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួន នៅចំណុចគោលដៅលេខ១៧ ច្រករបៀងអូរខ្លាឃ្មុំ។
ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងផែននគរបាលការពារព្រំដែនគោក ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ ។
ជនសង្ស័យខាងលើ ដែលត្រូវកម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០២ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យឃាត់ខ្លួនបានចំនួន០១នាក់ជាមុខសញ្ញាមេក្លោងនាំពលករឆ្លងដែនខុសច្បាប់យ៉ាងសកម្ម ឈ្មោះ ភោគ ណារិទ្ធ (ហៅ ខ្លឹង) ភេទប្រុស អាយុ ៥៤ឆ្នាំ មានលំនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវកម្លាំងជំនាញបាននាំខ្លួនមកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយ÷ វាយោ