ភ្នំពេញ÷ ជនសង្ស័យដែលមានតួនាទីជាចាងហ្វាងសារព៏ត៌មានចំនួន០២នាក់ ត្រូវឃាត់ខ្លួននៅវេលាម៉ោង១៦:៣០នាទី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅចំណុចក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក (ប្រាំមួយរយដុល្លារអាមេរិក) ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើរួមាន៖១- ឈ្មោះ ឆុំ ដានី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ កងមាស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។២- ឈ្មោះ អ៊ុន ចាន់ថា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ-ញ៉ូវ ស្នាក់នៅផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ភស្តុតាងចាប់យក៖ ប្រាក់ដុល្លារចំនួន ៦០០ដុល្លារអាមេរិក។
ចំណែកជនរងគ្រោះមានឈ្មោះ នាក់ គន្ធា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អ្នកគ្រប់គ្រងហាងកាហ្វេ V88 ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕ ដោយ ភក្តី