សៀមរាប÷ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នៅខេត្តសៀមរាប បានដំណើរការជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដែលមានមណ្ឌលប្រឡងចំនួន១២មណ្ឌល ស្មើនឹង៣៥៧បន្ទប់ ក្នុងនោះមាន ៖ វិទ្យាល័យ ១០មករា១៩៧៩ មានចំនួន២មណ្ឌល , វិទ្យាល័យហ៊ុនសែន វត្តស្វាយ មានចំនួន២មណ្ឌល , វិទ្យាល័យអង្គរ មានចំនួន២មណ្ឌល , វិទ្យាល័យសម្ដេចឪ មានចំនួន២មណ្ឌល , សាលាបឋមសិក្សាវត្តបូព៌ មានចំនួន១មណ្ឌល , សាលាបឋមសិក្សាវត្តស្វាយ មានចំនួន១មណ្ឌល , សាលាបឋមសិក្សាមុខនាគ មានចំនួន១មណ្ឌល និង អនុវិទ្យាល័យធ្លកអណ្ដូង មានចំនួន១មណ្ឌល ។
ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសាប្រឡងនៅមណ្ឌលវិទ្យាល័យ ១០មករា១៩៧៩ មានប្រសាសន៍ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិយើងបានផ្អាកមួយឆ្នាំម្តងហើយ គឺកាលពីឆ្នាំ២០២០ ដោយសារតែជំងឺកូវីដ-១៩មានការឆ្លងរាលដាលជាសកល រីឯការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ គឺមាននីតិវិធីខុសប្លែកពីឆ្នាំមុនៗ ដោយសារមានយន្តការនៅក្នុងការគាំទ្រការចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូច្នេះសូមបេក្ខជនទាំងអស់ ត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់ និងបម្រាមទាំងឡាយរបស់ក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងគោរពនិងស្តាប់តាមការណែនាំរបស់អនុរក្ស ចៀសវាងប្រព្រឹត្តផ្ទុយធ្វើឲ្យប៉ះពាល់ដល់ការប្រឡង ។
ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ជាបេក្ខជនប្រឡងទាំងពីរភេទ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឈានទៅទទួលលទ្ឋផលល្អនៅពេលប្រកាសលទ្ឋផល ដែលថា ការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់បេក្ខជនម្នាក់ៗ ដែលបានសិក្សារៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេស កាន់ឱ្យបានខ្ជាប់នូវវិន័យ និងគោរពពេលម៉ោងបានទៀងទាត់ ។
ចំនែកលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បានឲ្យដឹងថាការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ ខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១២មណ្ឌល ស្មើនឹង៣៥៧បន្ទប់ មានបេក្ខជនសរុបចំនួន៨.៨៣២នាក់ ក្នុងនោះស្រីចំនួន ៥.០៣៨នាក់ ហើយក្នុងចំណោមបេក្ខជនទាំងអស់នេះ មានបេក្ខជនប្រភេទជាស្វ័យរិនចំនួន១៥៧នាក់ ក្នុងនោះស្រីចំនួន ៧១នាក់ និងឯកជនបំពេញវិជ្ជាចំនួន១៥៥នាក់ ក្នុងនោះស្រីចំនួន ៦៩នាក់ និងបេក្ខជនប្រភេទជាស្វ័យរិនបំពេញវិជ្ជាចំនួន ២០០ នាក់ ក្នុងនោះស្រីចំនួន ៧៧នាក់ និងមានវិញ្ញាសារប្រឡង ចំនួន ១០មុខវិជ្ជា គឺគណិតវិទ្យា , ភាសាខ្មែរ , គីមីវិទ្យា , ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវៈវិទ្យា និង ភាសារបរទេស ៕ដោយ៖ ភក្តី