សៀមរាប÷ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប និងជាព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា មានថេរដីកាថា ដោយសារទឹកព្រះទ័យស្រឡាញ់ពេញចិត្តគ្រឿងបុរាណវត្ថុដែលជាបេតិកភណ្ឌមានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ មានអាយុកាលរាប់រយឆ្នាំមកហើយនោះ ព្រះអង្គបានខិតខំស្វែង ប្រមូលរក្សាទុកបុរាណវត្ថុទាំងនោះតាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន។
បុរាណវត្ថុដែលព្រះអង្គបានប្រមូលរក្សាទុករួមមានជាវត្ថុសាងពី ថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធរូប និងគ្រឿងកុល្លាលភាជន៍នានារក្សាទុកក្នុងវត្តរាជបូណ៌ដើម្បីរក្សាទុកនិងតាំងបង្ហាញក្នុងអគារសារមន្ទីរនៅក្នុងវត្តរាជបូណ៌នេះ ដែលស្ថិតនៅក្រុងសៀមរាប។ សារមន្ទីរនេះមានឈ្មោះថាសារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ ជាសារមន្ទីរព្រះពុទ្ធសាសនា កសាងឡើងដើម្បីឱ្យមនុស្សជាតិទាំងអស់នៅលើពិភពលោកបានឃើញនូវសា្នដៃសិល្បៈដែលបន្សល់ពីបុព្វបុរសខ្មែរ។
ព្រះអង្គមានថេរដីកាបន្តថា ព្រះអង្គមានព្រះទ័យនេះយូរហើយ ទើបតែនៅក្នុងឆ្នាំ២០២១នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញមកទស្សនកិច្ចក្នុងវត្តរាជបូណ៌ បានឃើញគ្រឿងបុរាណវត្ថុទាំងនោះ លោកជំទាវក៏សម្រេចចិត្តជួយជ្រោមជ្រែងក្នុងការកសាងសារមន្ទីរនេះដើម្បីសមតាមបំណងរបស់ព្រះអង្គសម្រាប់តម្កល់បុរាណវត្ថុទាំងនេះ។
បច្ចុប្បន្នព្រះមហាវិមលធម្ម ព្រះអង្គកំពុងប្រមែប្រមូលនូវបច្ច័យពីសប្បុរសជននានា ដើម្បីយកមកកសាងសារមន្ទីរមួយនេះ៕ ដោយ៖ ភក្តី