Sunday, November 24, 2024
Header Banner

ឃាតករសម្លាប់មនុស្សនៅខេត្តពោធិ៍សាត់រួចរត់មកសម្ងំនៅក្រុងសៀមរាបត្រូវនគរបាលឃាត់ខ្លួន!

សៀមរាប៖ឃាតករដែលសម្លាប់មនុស្សនៅខេត្តពោធិ៍សាត់ រួចរត់មកសំងំនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនបាន។ការឃាត់នេះធ្វើឡើងនៅនៅរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តរ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រីតេង ចាន់ណាត ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីឯកឧត្តមមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាបបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មនៅខេត្តពោធិ៍សាត់។

លោកបន្តថា មានករណីឃាតកម្ម(កាប់បណ្តាលអោយស្លាប់)កេីតហេតុនៅវេលាម៉ោង២១និង១០នាទីថ្ងៃទី២៦ខែធ្នូឆ្នាំ២០២១ ។ដោយ បានទទួលដំណឹងពីលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន​ ថាមានករណីឃាតកម្ម មួយបានកើតឡើងនៅចំណុចខាងត្បូងក្បែររបងវត្តទួលរគាំងចំងាយ២.៥mស្ថិតក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ ។លោកបន្ថែមថា កម្លាំងយេីងបានចុះទៅដល់ទីកន្លែងកេីតហេតុនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ ។ការពិនិត្យទីកន្លែងកើតហេតុនិងសាកសពនៅវេលាម៉ោង១១និង៥នាទីដល់ម៉ោង​១១និង៤៥ ថ្ងៃទី២៧​ ខែធ្នូឆ្នាំ២០២១យេីងពិនិត្យឃេីញថា ទីកន្លែងកើតហេតុស្ថិតនៅខាងត្បូងវត្តទួលរគាំងចម្ងាយ៥ម៉ែត្រ-(តាងលេខ១)គឺជាសព​ ខាងត្បូងសពចំងាយ១,២ម៉ែត្រគឺមានថ្លុកឈាម(តាងលេខ២) និងចម្ងាយ២៥ម៉ែត្រ ពីលេខ២(តាងលេខ៣)គឺកន្លែងងផឹកស៊ីនៅផ្ទះឈ្មោះ​ យ៉ែម​ សារុំ​ ភេទប្រុស ។ការពិនិត្យសាកសព ជាមួយគ្រូពេទ្យជំនាញ ឃើញសាកសពឈ្មោះ​ វ៊ាំង​ សុខហេង​ អាយុ២៧ឆ្នាំ ភេទប្រុសជនជាតិខ្មែរ មុខរបរកសិករ ។បាន​ស្លាប់ផ្កាប់មុខក្នុងថ្លុកឈាមក្បាលទៅទិសខាងត្បូងសពមានកំពស់១.៦០ម៉ែត្រ សម្បុរខ្មៅស្រអែម សពអត់ពាក់អាវ​ ,ស្លៀកខោខៅប៊ូយជេីងវែងពណ៌ខៀវ​ សក់កោរត្រងោល សាកសពមានសភាពរឹងគ្រប់សន្លាក់ ។ លោកបន្ថែមទៀតថា យោងតាមការបំភ្លឺជំុវិញទីកន្លែងកើតហេតុ និងការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញយើងសន្និដ្ឋានបានថា សពឈ្មោះវ៊ាំង​ សុខហេងស្លាប់ដោយសារប៉ះទង្គិចនឹងវត្ថុរឹងមានមុខមុតនិងមានទម្ងន់​។ ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម(កាប់បណ្តាលអោយស្លាប់)។ សពស្លាប់លើសពី១២ម៉ោងឡើង សាកសពឈ្មោះវ៊ាំង​ សុខហេង​ បានប្រគល់អោយ ទៅឈ្មោះ វ៊ាំង​ សាវី ភេទស្រីអាយុ​ ៥១ឆ្នាំត្រូវជាម្តាយបង្កេីតនៃសព ដើម្បីធ្វើការបន្តតាមនីតិវិធីច្បាប់។ករណីឃាតកម្មនេះឈ្មោះ ញ៉ម អាន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិទួលរគាំងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងកាន់កាំបិតកែច្នៃស្ទាក់កាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ។ជនសង្ស័យបានធ្វើសកម្មភាពរួចបានគេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកម្លាំងនគរបាលខេត្តពោធិ៍សាត់ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕កុសល

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម